លេវីវិន័យ 24:13-23

លេវីវិន័យ 24:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​អស់​អ្នក​ដែល​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​គប់​វា​នឹង​ថ្ម​ទៅ។ ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អស់​អ្នក​ណា​ដែល​ជេរ​ប្រទេច​ដល់​ព្រះ​របស់​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​គប់​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សម្លាប់​ចោល។ អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន​ដែរ។ ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត។ បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ។ ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ។ បើ​អ្នក​ណា​សម្លាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សម្លាប់​មនុស្ស​វិញ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ ត្រូវ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ គប់​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​សម្រេច ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 24

លេវីវិន័យ 24:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​យក​អ្នក​ប្រមាថ​យើង​ចេញ​ពី​ជំរំ។ អស់​អ្នក​ដែល​ដឹង​ឮ ត្រូវ​ដាក់​ដៃ​ពី​លើ​ក្បាល​អ្នក​នោះ ហើយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​វា​ទៅ។ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: អ្នក​ណា​ដាក់​បណ្ដាសា​ព្រះ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ អ្នក​ណា​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ​បី​គេ​ជា‌ម្ចាស់​ស្រុក ឬ​ជា​ជន​បរ‌ទេស​ក្ដី គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់។ អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់​បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។ អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។ អ្នក​ណា​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្លួន​មាន​របួស​ត្រង់​កន្លែង​ណា​មួយ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ត្រង់​កន្លែង​នោះ​ដែរ គឺ​បើ​អ្នក​នោះ​ធ្វើ​ឲ្យ​គេ​បាក់​ដៃ​បាក់​ជើង ត្រូវ​បំបាក់​ដៃ​បំបាក់​ជើង​អ្នក​នោះ​វិញ បើ​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​ម្ខាង​វិញ បើ​វាយ​គេ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ​ដែរ។ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ដូច​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស។ អ្នក​ណា​វាយ​សម្លាប់​សត្វ​មួយ​ក្បាល ត្រូវ​ឲ្យ​អ្នក​នោះ​យក​សត្វ​មួយ​ក្បាល​មក​សង​វិញ តែ​អ្នក​ណា​វាយ​សម្លាប់​មនុស្ស​ម្នាក់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ ត្រូវ​មាន​ក្រឹត្យ‌វិន័យ​តែ​មួយ សម្រាប់​ជន​បរ‌ទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថ​ព្រះ‌ជាម្ចាស់​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 24

លេវីវិន័យ 24:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អស់​អ្នក​ណា​ដែល​នឹង​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សំឡាប់​ចេញ។ ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន​ដែរ ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ បើ​អ្នក​ណា​សំឡាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សំឡាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សំឡាប់​ខ្លួន​ដែរ ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សំរាប់​ទាំង​អ្នក​ស្នាក់​នៅ នឹង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចោល​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​សំរេច​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 24