លេវីវិន័យ 23:9-14
លេវីវិន័យ 23:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក ហើយបានចូលទៅក្នុងស្រុកនោះ នោះត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចម្រូតអ្នកមកឲ្យសង្ឃ សង្ឃត្រូវគ្រវីថ្វាយកណ្ដាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលស្នងអ្នករាល់គ្នា គឺគ្រវីថ្វាយនៅក្រោយថ្ងៃសប្ប័ទ។ នៅថ្ងៃដែលអ្នករាល់គ្នាគ្រវីថ្វាយកណ្ដាប់នោះ នោះត្រូវយកកូនចៀមឈ្មោលមួយឥតខ្ចោះ អាយុមួយខួបមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។ ឯតង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្តពីរខ្ញឹងលាយប្រេង ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយតង្វាយច្រូចនោះជាស្រាទំពាំងបាយជូរពីរកំប៉ុង។ អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ង ស្រូវលីង ឬអង្ករថ្មី រហូតដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះរបស់អ្នកសិន នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ»។
លេវីវិន័យ 23:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។ នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ* បូជាចារ្យត្រូវលើកកណ្ដាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។ នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ព្រមទាំងយកម្សៅម៉ដ្ដពីរភាគដប់នៃអេផា*លាយជាមួយប្រេង មកថ្វាយជាមួយកូនចៀមនោះ ជាតង្វាយដុត មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន* មកថ្វាយសម្រាប់ពិធីច្រួចស្រាដែរ។ អ្នករាល់គ្នាអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
លេវីវិន័យ 23:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចំរូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សំរាក ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវី ថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាដង្វាយដុត ដល់ព្រះយេហូវ៉ា ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។