លេវីវិន័យ 23:33-44

លេវីវិន័យ 23:33-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ ក្នុង​ប្រាំពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ប្រាំបី ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ការ​ប្រជុំ​យ៉ាង​ឱឡារិក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​មួយ តង្វាយ​ម្សៅ​មួយ យញ្ញ‌បូជា​មួយ និង​តង្វាយ​ច្រូច​មួយ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ។ ក្រៅ​ពី​ថ្ងៃ​សប្ប័ទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ ព្រម​ទាំង​បំណន់​របស់​អ្នក និង​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។ នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​យក​មែក ពី​ដើម​ឈើ​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង រួច​ត្រូវ​អរ​សប្បាយ​អស់​ប្រាំពីរ​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប​ជា‌និច្ច អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ទីប្រាំពីរ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រា‌អែល អា‌ស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​ប្រាំពីរ​ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​តំណ​កូន​ចៅ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:33-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះអង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​បុណ្យ​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះអង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​មេត្រី‌ភាព និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយៗ​តាម​ថ្ងៃ​កំណត់។ ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។ នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ‌ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំ‌ពីរ។ អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:33-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ក្នុង​៧​ថ្ងៃ​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​៨ ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សំរាប់​ឯង​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ជំនុំ​ដ៏​មុត‌មាំ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ។ នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញ‌បូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ ក្រៅ​ពី​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​ផង​ព្រះ‌យេហូវ៉ា ហើយ​ក្រៅ​ពី​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បំណន់​របស់​ឯង នឹង​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។ នៅ​ថ្ងៃ​១៥​ខែ​អស្សុជ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សំរាក ហើយ​នៅ​ថ្ងៃ​ទី​៨ ក៏​ជា​ថ្ងៃ​ឈប់​សំរាក​ដែរ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​យក​មែក​ពី​ដើម​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ នឹង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់​៧​ថ្ងៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា គឺ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រាអែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​៧​ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា នោះ​ម៉ូសេ ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 23