លេវីវិន័យ 23:26-32
លេវីវិន័យ 23:26-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅថ្ងៃដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃឲ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។ នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់ថ្វាយតង្វាយឲ្យធួននឹងខ្លួនអ្នករាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះយើងនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ។ អ្នករាល់គ្នាមិនត្រូវធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។ ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
លេវីវិន័យ 23:26-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ ត្រូវតមអាហារ ហើយថ្វាយយញ្ញបូជា ជាតង្វាយដុតដល់ព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទ ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាកដូចថ្ងៃសប្ប័ទ ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
លេវីវិន័យ 23:26-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា នៅថ្ងៃ១០ក្នុងខែអស្សុជនេះឯង នោះជាថ្ងៃឲ្យបានធួននឹងបាប គឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សំរាប់នឹងថ្វាយដង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សំរាប់ឲ្យឯងរាល់គ្នាបានសំរាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សំរាករបស់ឯង។