លេវីវិន័យ 23:23-44
លេវីវិន័យ 23:23-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីសោះឡើយ តែត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅថ្ងៃដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃឲ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។ នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់ថ្វាយតង្វាយឲ្យធួននឹងខ្លួនអ្នករាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះយើងនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ។ អ្នករាល់គ្នាមិនត្រូវធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។ ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។ ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ ថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃ។ នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។ ក្នុងប្រាំពីរថ្ងៃនោះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃប្រាំបី ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់អ្នករាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាការប្រជុំយ៉ាងឱឡារិក មិនត្រូវធ្វើការអ្វីឡើយ។ នេះហើយជាបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុតមួយ តង្វាយម្សៅមួយ យញ្ញបូជាមួយ និងតង្វាយច្រូចមួយ តាមរបៀបបុណ្យរាល់តែថ្ងៃ។ ក្រៅពីថ្ងៃសប្ប័ទទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា នេះហើយជាតង្វាយដែលអ្នករាល់គ្នាថ្វាយ ព្រមទាំងបំណន់របស់អ្នក និងតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។ នៅថ្ងៃដប់ប្រាំខែទីប្រាំពីរ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទីប្រាំបី ក៏ជាថ្ងៃឈប់សម្រាកដែរ។ នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណអ្នកតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែទីប្រាំពីរ ត្រូវឲ្យអ្នករាល់គ្នា គឺអស់អ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់ប្រាំពីរថ្ងៃ ដើម្បីឲ្យអស់ទាំងតំណកូនចៅអ្នករាល់គ្នាបានដឹងថា យើងបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។ លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
លេវីវិន័យ 23:23-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំឭក និងស្រែកជយឃោស ដោយជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវថ្វាយយញ្ញបូជាជាតង្វាយដុតដល់ព្រះអម្ចាស់»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ ត្រូវតមអាហារ ហើយថ្វាយយញ្ញបូជា ជាតង្វាយដុតដល់ព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទ ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាកដូចថ្ងៃសប្ប័ទ ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ*សម្រាប់លើកតម្កើងព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតដល់ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃបង្ហើយបុណ្យ ដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាបុណ្យសំខាន់ៗរបស់ព្រះអម្ចាស់ ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអង្គ ដើម្បីថ្វាយតង្វាយដល់ព្រះអម្ចាស់ គឺមានតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជាមេត្រីភាព និងពិធីច្រួចស្រា។ ត្រូវថ្វាយតង្វាយនីមួយៗតាមថ្ងៃកំណត់។ ក្រៅពីធ្វើបុណ្យសប្ប័ទរបស់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយថ្វាយតង្វាយសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើតង្វាយផ្សេងៗ តង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយដល់ព្រះអម្ចាស់។ នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយចំនួនប្រាំពីរថ្ងៃ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។ អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ ដើម្បីឲ្យកូនរបស់អ្នករាល់គ្នាដឹងថា ពេលយើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងបានឲ្យគេរស់ក្នុងបារាំ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ លោកម៉ូសេរៀបរាប់ប្រាប់ជនជាតិអ៊ីស្រាអែលអំពីរបៀបធ្វើពិធីបុណ្យដ៏សំខាន់ៗ សម្រាប់លើកតម្កើងព្រះអម្ចាស់។
លេវីវិន័យ 23:23-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សំរាក សំរាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីឲ្យសោះ តែត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា នៅថ្ងៃ១០ក្នុងខែអស្សុជនេះឯង នោះជាថ្ងៃឲ្យបានធួននឹងបាប គឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សំរាប់នឹងថ្វាយដង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សំរាប់ឲ្យឯងរាល់គ្នាបានសំរាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សំរាករបស់ឯង។ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសំរាប់ឯងរាល់គ្នា នោះត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។ នេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺជាដង្វាយដុត១ ដង្វាយម្សៅ១ យញ្ញបូជា១ ហើយនឹងដង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង នឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។ នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សំរាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សំរាកដែរ នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ នឹងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ ដើម្បីឲ្យអស់ទាំងដំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។