លេវីវិន័យ 22:17-30

លេវីវិន័យ 22:17-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា៖ «ពេល​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​តង្វាយ​របស់​ខ្លួន ទោះ​ជា​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នោះ​បើ​គេ​ចង់​ឲ្យ​ព្រះ‌អង្គ​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​អ្នក​រាល់​គ្នា​ទេ។ ពេល​អ្នក​ណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ព្រះ‌អង្គ​ទទួល មិន​ត្រូវ​មាន​ភាព​ពិការ​អ្វី​ឡើយ។ ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ​នៅ​លើ​អាសនា​ឡើយ។ បើ​គោ ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញ​លក្ខណៈ នោះ​អ្នក​នឹង​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ព្រះ‌អង្គ​មិន​ទទួល​សត្វ​នោះ​សម្រាប់​ជា​តង្វាយ​លា​បំណន់​ឡើយ។ បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ បែក ឬ​ក្រៀវ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​អ្នក​ដែរ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សម្រាប់​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​អ្នក​ឡើយ ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​លក្ខណៈ​ទេ គឺ​មាន​វិកល‌វិការ​ហើយ ព្រះ‌អង្គ​មិន​ទទួល​ស្នង​អ្នក​រាល់​គ្នា​ឡើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពេល​ណា​កូន​គោ កូន​ចៀម ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​មេ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ រួច​ចាប់​ពី​ថ្ងៃ​ទី​ប្រាំបី​ទៅ នោះ​នឹង​ទទួល​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ព្រះ‌យេហូវ៉ា​បាន តែ​ទោះ​បើ​គោ ឬ​ចៀម​ក្តី មិន​ត្រូវ​សម្លាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ។ បើ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក​ចុះ។ រួច​ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 22

លេវីវិន័យ 22:17-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល អ្នក​ណា​នាំ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់ ទោះ​បី​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត​ក្ដី ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ។ មិន​ត្រូវ​ថ្វាយ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ទទួល​ពី​អ្នក​ទេ។ ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត សត្វ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ គឺ​សត្វ​នោះ​មិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។ មិន​ត្រូវ​ថ្វាយ​សត្វ​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​សោះ។ អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។ អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កម្ទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរ‌ទេស មក​ថ្វាយ​ជា​អាហារ​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ ព្រះអង្គ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទទួល។ មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។ ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះអង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ។ ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 22

លេវីវិន័យ 22:17-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​ដង្វាយ​របស់​ខ្លួន ទោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​នាំ​មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នោះ​បើ​គេ​ចង់​ឲ្យ​ទ្រង់​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ដ៏​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ឡើយ ដ្បិត​ទ្រង់​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​ឯង​រាល់​គ្នា​ទេ ហើយ​អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សំរាប់​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ​ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ទ្រង់​ទទួល មិន​ត្រូវ​ឲ្យ​មាន​វិកល‌វិការ​អ្វី​ឡើយ ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ទ្រង់​នៅ​លើ​អាសនា​ឡើយ បើ​គោ ឬ​ចៀម មាន​អវយវ​ខ្វះ​ខាត​មិន​ពេញ‌លេញ នោះ​ឯង​នឹង​ថ្វាយ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ទ្រង់​មិន​ទទួល​សត្វ​នោះ​សំរាប់​ជា​ដង្វាយ​លា​បំណន់​ទេ បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ ឬ​បែក ឬ​ក្រៀវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​ឯង​ដែរ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកល‌វិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ​កើត​មក នោះ​ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​អស់​៧​ថ្ងៃ រួច​តាំង​ពី​ថ្ងៃ​ទី​៨​ទៅ​មុខ នោះ​នឹង​ទទួល​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន តែ​ទោះ​បើ​គោ​ឬ​ចៀម​ក្តី នោះ​មិន​ត្រូវ​សំឡាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ បើ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​បែប​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​ចុះ រួច​ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​នោះ​ឯង មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន លេវីវិន័យ 22