លេវីវិន័យ 21:16-24
លេវីវិន័យ 21:16-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់ដល់លោកម៉ូសេ ឲ្យប្រាប់ដល់អើរ៉ុនថា៖ «បើមានអ្នកណាក្នុងពួកកូនចៅអ្នកនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះរបស់ខ្លួនឡើយ។ ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពឹត ឬជើងដៃមិនស្មើគ្នា មនុស្សណាកំពួរជើងដៃ ដែលគម តឿ មានស្នាមអ្វីនៅភ្នែក កើតរមាស់ ស្រែង ឬមានពងខូច។ អ្នកណាដែលវិកលវិការក្នុងពូជលោកអើរ៉ុនជាសង្ឃ នោះមិនត្រូវចូលមកថ្វាយតង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ។ អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងតង្វាយបរិសុទ្ធ និងតង្វាយបរិសុទ្ធបំផុតផង។ ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលកន្លែងវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ»។ ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់លោកអើរ៉ុន និងពួកកូនលោក ហើយដល់ពួកចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
លេវីវិន័យ 21:16-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកតង្វាយចូលទៅថ្វាយព្រះរបស់ខ្លួនឡើយ។ មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា មនុស្សកំបុតដៃ ឬកំបុតជើង មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។ ក្នុងចំណោមពូជពង្សរបស់បូជាចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។ គេអាចបរិភោគម្ហូបអាហាររបស់ព្រះជាម្ចាស់ ដែលជាអាហារដ៏វិសុទ្ធ និងអាហារដ៏វិសុទ្ធបំផុតនោះបាន តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាព្រះអម្ចាស់ដែលបានធ្វើឲ្យទីនោះទៅជាវិសុទ្ធ»។ លោកម៉ូសេនាំយកព្រះបន្ទូលនេះទៅជម្រាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូល។
លេវីវិន័យ 21:16-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងដំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា ឬមនុស្សណាកំពួរជើងដៃ ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះមិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ នឹងដង្វាយបរិសុទ្ធបំផុតផង ប៉ុន្តែអ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះ ជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ ដូច្នេះម៉ូសេក៏ប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ហើយដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង។