លេវីវិន័យ 20:22-26
លេវីវិន័យ 20:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នករាល់គ្នាត្រូវកាន់អស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលយើងនាំអ្នករាល់គ្នាចូលទៅនៅនោះ បានក្អួតអ្នកចេញដែរ មិនត្រូវដើរតាមអស់ទាំងទំនៀមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន ដែលយើងបណ្តេញពីមុខអ្នករាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាយើងខ្ពើមឆ្អើមដល់គេ។ តែយើងបានប្រាប់អ្នករាល់គ្នាហើយថា អ្នករាល់គ្នានឹងទទួលស្រុករបស់គេទុកជាមត៌ក យើងនឹងឲ្យស្រុកនោះទៅជាកេរអាករដល់អ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបានញែកអ្នកចេញពីអស់ទាំងសាសន៍ដទៃហើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវចេះសម្គាល់សត្វជើងបួនដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោកដោយសត្វជើងបួន ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលយើងបានញែកចេញពីអ្នករាល់គ្នា ទុកជាមិនស្អាតនោះឡើយ។ អ្នករាល់គ្នាត្រូវបានបរិសុទ្ធដើម្បីយើង ដ្បិតយើងនេះគឺព្រះយេហូវ៉ា យើងបរិសុទ្ធ ហើយយើងបានញែកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់យើងវិញ។
លេវីវិន័យ 20:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមទៀតផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមិនខ្ចាត់ខ្ចាយចេញពីទឹកដី ដែលយើងនាំអ្នករាល់គ្នាទៅរស់នៅនោះឡើយ។ ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាឲ្យសោះ ដ្បិតពួកគេបានធ្វើឲ្យយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។ យើងបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងកាន់កាប់ស្រុករបស់ពួកគេ យើងប្រគល់ស្រុកនោះឲ្យអ្នករាល់គ្នាធ្វើជាកម្មសិទ្ធិ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ។ អ្នករាល់គ្នាត្រូវចេះសម្គាល់មើលសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ បក្សាបក្សីបរិសុទ្ធ និងបក្សាបក្សីមិនបរិសុទ្ធ ដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សអាស្រូវ ព្រោះតែសត្វជើងបួន សត្វស្លាប និងសត្វលូនវារ ដែលយើងចាត់ទុកជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
លេវីវិន័យ 20:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ តែអញបានប្រាប់ឯងរាល់គ្នាហើយថា ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដក អញនឹងឲ្យស្រុកនោះទៅជាកេរអាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបានញែកឯងចេញពីអស់ទាំងសាសន៍ដទៃហើយ ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាចេះសំគាល់សត្វជើង៤ដែលស្អាត នឹងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាតនឹងសត្វស្លាបដែលស្អាតចុះ មិនត្រូវឲ្យនាំខ្លួនទៅជាស្មោកគ្រោកដោយសត្វជើង៤ ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលអញបានញែកចេញពីឯងរាល់គ្នា ទុកជាមិនស្អាតនោះឡើយ ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ ហើយអញបានញែកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់ផងអញវិញ។