លេវីវិន័យ 20:10-20
លេវីវិន័យ 20:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសម្លាប់អ្នកទាំងពីរនោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវសម្លាប់ចោលទាំងពីរនាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ។ បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំងពីរបានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្ដាលអ្នករាល់គ្នាឡើយ។ បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវសម្លាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសម្លាប់ដែរ។ បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសម្លាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសម្លាប់ទាំងពីរកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំងពីរនឹងត្រូវកាត់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។ បើមនុស្សណារួមដំណេកជាមួយស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសម្រាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំងពីរនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ មិនត្រូវបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកអ្នកឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរ្តិ៍ញាតិសន្តានជិតដិតខ្លួនហើយ អ្នកទាំងពីរនោះនឹងត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។ ប្រសិនបើមនុស្សណារួមដំណេកជាមួយប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំ ឬមាខ្លួនហើយ អ្នកទាំងពីរនោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅដោយឥតមានកូន។
លេវីវិន័យ 20:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន គឺបន្ថោកកិត្តិយសឪពុក បុរស និងស្ត្រីនោះត្រូវទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសាស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបុរសម្នាក់ទៀត ដូចគេរួមដំណេកជាមួយស្ត្រី អ្នកទាំងពីរប្រព្រឹត្តអំពើមួយគួរស្អប់ខ្ពើមបំផុត គេត្រូវតែទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ ទាំងម្ដាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយសត្វ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯសត្វក៏ត្រូវសម្លាប់ចោលដែរ។ ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ប្រសិនបើបុរសម្នាក់យកប្អូនស្រី ឬបងស្រីរបស់ខ្លួនមកធ្វើជាប្រពន្ធ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនពោះមួយក្ដី ប្រសិនបើអ្នកទាំងពីររួមរ័កជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវដកអ្នកទាំងពីរចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន នៅចំពោះមុខមនុស្សទាំងអស់។ បុរសដែលរួមរ័កជាមួយប្អូនស្រី ឬបងស្រីខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយស្ត្រីដែលកំពុងមានរដូវ ប្រសិនបើអ្នកនោះឃើញឈាមនាងហូរ ហើយនាងក៏បង្ហាញឈាមរបស់ខ្លួនហូរដែរនោះ ត្រូវដកអ្នកទាំងពីរចេញពីចំណោមប្រជាជនរបស់ខ្លួន។ មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នក ហើយក៏មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកដែរ។ អ្នកដែលរួមរ័កជាមួយសាច់ញាតិដ៏ជិតដិតរបស់ខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។
លេវីវិន័យ 20:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសំឡាប់ចេញទាំងប្រុសទាំងស្រីជាមិនខាន បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសំឡាប់អ្នកទាំង២នោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវឲ្យសំឡាប់ចោលទាំង២នាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំង២បានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសំឡាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ បើមនុស្សណាយកទាំងកូនស្រី នឹងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវឲ្យសំឡាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសំឡាប់ដែរ បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសំឡាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសំឡាប់ទាំង២ កុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំង២នឹងត្រូវកាត់កាល់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន បើមនុស្សណារួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសំរាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំង២នោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ មិនត្រូវឲ្យបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកឯងឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរញាតិសន្តានជិតដិតនឹងខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន