លេវីវិន័យ 2:1-16
លេវីវិន័យ 2:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ចំណែកតង្វាយម្សៅដែលនៅសល់ នោះគឺសម្រាប់អើរ៉ុន និងកូនរបស់លោក ជារបស់បរិសុទ្ធបំផុត ក្នុងចំណោមតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។ ប្រសិនបើថ្វាយតង្វាយម្សៅដែលចម្អិននៅក្នុងឡ ត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយប្រេង ឬជានំក្រៀបឥតដំបែ លាបប្រេង។ បើថ្វាយតង្វាយម្សៅដែលបានចម្អិនក្នុងពុម្ព ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង។ ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាតង្វាយម្សៅ។ បើថ្វាយម្សៅដែលចៀនក្នុងខ្ទះ ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង។ តង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយសង្ឃនោះត្រូវយកទៅអាសនា។ សង្ឃត្រូវយកមួយចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ឯតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់លោកអើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។ រីឯតង្វាយម្សៅណាដែលអ្នករាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា មិនត្រូវលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាឡើយ។ របស់ទាំងពីរនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូង តែមិនត្រូវដុតនៅលើអាសនា សម្រាប់ជាក្លិនឈ្ងុយឡើយ។ ហើយអស់ទាំងតង្វាយម្សៅដែលអ្នកថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញា របស់ព្រះក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់អ្នក។ ប្រសិនបើអ្នកយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយកួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង។ ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាតង្វាយម្សៅ។ សង្ឃម្នាក់នឹងយកស្រូវបុកមួយចំណែកនឹងប្រេងខ្លះ និងកំញានទាំងអស់ពីតង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
លេវីវិន័យ 2:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង ហើយយកតង្វាយនោះមកជូនពួកបូជាចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។ ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចម្អិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។ ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចម្អិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ។ ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។ ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង។ អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចម្អិនហើយនោះ មកថ្វាយព្រះអម្ចាស់ គឺលើកជូនបូជាចារ្យ ហើយបូជាចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។ លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះព្រះអម្ចាស់។ មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយព្រះអម្ចាស់ មិនត្រូវមានមេ ឬទឹកឃ្មុំឡើយ។ អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះព្រះអម្ចាស់ ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។ ត្រូវលាយអំបិលជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះអម្ចាស់។ កុំភ្លេចលាយអំបិលជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។ ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកថ្វាយព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។ ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។ បូជាចារ្យយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ ទៅដុតនៅលើអាសនៈទុកជាទីរំឭក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់»។
លេវីវិន័យ 2:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាចង់ថ្វាយជា ដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។ ហើយបើថ្វាយដង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។ ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។ បើថ្វាយដង្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង ឯដង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនា រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន នឹងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។ រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនាសំរាប់ជាក្លិនឈ្ងុយឡើយ ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។ ហើយបើយកផលដំបូងមកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាដង្វាយម្សៅ សង្ឃម្នាក់នឹងយកស្រូវ បុក១ចំណែកនឹងប្រេងខ្លះ ហើយនឹងកំញានទាំងអស់ពីដង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាដង្វាយដុតថ្វាយព្រះយេហូវ៉ា។