លេវីវិន័យ 19:13-18

លេវីវិន័យ 19:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​មិន​ត្រូវ​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​ជិះ​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​អ្នក​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ។ មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។ មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង‌ប្អូន​អ្នក​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​អ្នក​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ។ មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក​ឡើយ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 19

លេវីវិន័យ 19:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោតខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។ ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក​ដោយ​យុត្តិធម៌។ មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។ មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បងប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 19

លេវីវិន័យ 19:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 19