លេវីវិន័យ 19:1-4
លេវីវិន័យ 19:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ដល់ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា អ្នករាល់គ្នាត្រូវបានបរិសុទ្ធ ដ្បិតយើងនេះ ដែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា យើងបរិសុទ្ធ។ អ្នករាល់គ្នាត្រូវកោតខ្លាចឪពុកម្តាយអ្នករៀងខ្លួន ហើយរក្សាថ្ងៃសប្ប័ទរបស់យើងដែរ យើងនេះហើយជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ កុំឲ្យអ្នករាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់អ្នករាល់គ្នាផង យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។ ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ ត្រូវឲ្យឯងរាល់គ្នាកោតខ្លាចដល់ឪពុកម្តាយឯងរៀងខ្លួន ហើយរក្សាថ្ងៃឈប់សំរាករបស់អញដែរ អញនេះហើយជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា កុំឲ្យឯងរាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសំរាប់ឯងរាល់គ្នាផង អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។