លេវីវិន័យ 19:1-18

លេវីវិន័យ 19:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ ដ្បិត​យើង​នេះ ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បរិសុទ្ធ។ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ឪពុក​ម្តាយ​អ្នក​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ យើង​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ។ ប្រសិន‌បើ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ទី​បី នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​ខ្លួន។ កាល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​អ្នក​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ‌ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចម្ការ​របស់​អ្នក​ដែរ ត្រូវ​ទុក​សម្រាប់​ឲ្យ​អស់​អ្នក​ក្រ និង​អស់​អ្នក​ស្នាក់​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច ឬ​ប្រព្រឹត្ត​ឆបោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ទាំង​បង្អាប់​ដល់​ព្រះ‌នាម​របស់​អ្នក​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ អ្នក​មិន​ត្រូវ​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​ជិះ​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​អ្នក​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ។ មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។ មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង‌ប្អូន​អ្នក​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​អ្នក​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ។ មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក​ឡើយ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 19

លេវីវិន័យ 19:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​មាតា‌បិតា​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​មេត្រី‌ភាព​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ត្រូវ​បរិភោគ​សាច់​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។ ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដែរ។ នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី​នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយ‌ជូរ ដែល​នៅ​សេស‌សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។ មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។ មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោតខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។ ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក​ដោយ​យុត្តិធម៌។ មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។ មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បងប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 19

លេវីវិន័យ 19:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រាប់​ដល់​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ​ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កោត‌ខ្លាច​ដល់​ឪពុក​ម្តាយ​ឯង​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សំរាប់​ឯង​រាល់​គ្នា​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​វិញ បើ​សិន​ជា​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ទី​៣ នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ទ្រង់​មិន​ទទួល​ដង្វាយ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។ កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ នឹង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​លួច ឬ​ប្រព្រឹត្ត​ឆ‌បោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​អញ ទាំង​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 19