លេវីវិន័យ 18:20-28
លេវីវិន័យ 18:20-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងអ្នក ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនាងឡើយ។ មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។ កុំរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរស្អប់ខ្ពើម។ ក៏កុំរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីរួមសង្វាសជាមួយនោះដែរ ដ្បិតជាអំពើដ៏ថោកទាបបំផុត។ កុំឲ្យអ្នករាល់គ្នាស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលយើងបណ្តេញចេញពីមុខអ្នករាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ។ ស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាយើងទម្លាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង។ ដូច្នេះ អ្នករាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្ដាលអ្នករាល់គ្នា (ដ្បិតពួកអ្នកដែលអាស្រ័យនៅមុនអ្នករាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោក)។ ដូច្នេះ បើកាលណាអ្នករាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតអ្នករាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនអ្នករាល់គ្នាដែរ។
លេវីវិន័យ 18:20-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលឲ្យអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។ មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។ មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។ មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។ ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។ ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។ ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ ប្រសិនបើអ្នករាល់គ្នាមិនធ្វើឲ្យស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។
លេវីវិន័យ 18:20-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទំលាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង