លេវីវិន័យ 18:1-30

លេវីវិន័យ 18:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «យើង​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង យើង​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។ កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត បើក​កេរ‌ខ្មាស​របស់​សាច់‌ញាតិ​ដែល​ជិត‌ដិត​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឯ​កេរ‌ខ្មាស​របស់​ឪពុក​អ្នក គឺ​ជា​កេរ‌ខ្មាស​ម្តាយ​អ្នក នោះ​កុំ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​អ្នក មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ។ ឯ​កេរ‌ខ្មាស​ប្រពន្ធ​របស់​ឪពុក​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​អ្នក​ហើយ។ ឯ​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ស្រី​អ្នក ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​អ្នក ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ។ ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង។ ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​ប្រពន្ធ​ឪពុក​អ្នក ដែល​ឪពុក​អ្នក​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង ឬ​ប្អូន​ស្រី​បង្កើត​នឹង​អ្នក​ហើយ។ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​អ្នក​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​អ្នក ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​អ្នក​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​អ្នក​ហើយ។ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​អ្នក គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​អ្នក​ហើយ។ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​អ្នក​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​អ្នក​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ។ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​អ្នក​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​អ្នក​ហើយ។ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា និង​កូន​ស្រី​របស់​ស្ត្រីនោះ​ឡើយ ក៏​មិន​ត្រូវ​យក ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​របស់​គាត់ ដើម្បី​បើក​កេរ‌ខ្មាស​ដែរ ដ្បិតគេ​ជា​សាច់​ឈាម​របស់​អ្នក ។ នេះ​ជាអំពើ​អាក្រក់​ជួ‌ជាតិ។ កាល​ប្រពន្ធ​របស់​អ្នក​នៅ​រស់​នៅ​ឡើយ មិន​ត្រូវ​យក​បង ឬ​ប្អូន​ស្រី​របស់​នាង​មក​បើក​កេរ‌ខ្មាស ដើម្បី​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​របស់​អ្នក​ឡើយ។ កុំ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ កុំ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នាង​ឡើយ។ មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ណា​មួយ​ទៅ​ធ្វើ​យញ្ញ​បូជា ថ្វាយព្រះ​ម៉ូឡុក​ឡើយ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ យើង​ជា​ព្រះ‌យេហូវ៉ា។ កុំ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ស្អប់​ខ្ពើម។ ក៏​កុំ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​យើង​បណ្តេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ។ ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​យើង​ទម្លាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​វិញ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ហើយ​កុំ​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ​ឡើយ ទោះ​ទាំង​អ្នក​ស្រុក ឬ​ពួក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា (ដ្បិត​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​មុន​អ្នក​រាល់​គ្នា គេ​បាន​ប្រព្រឹត្ត​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នោះ ហើយ​ស្រុក​របស់​គេ​ក៏​បាន​ត្រូវ​ស្មោក‌គ្រោក)។ ដូច្នេះ បើ​កាល​ណា​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្មោក‌គ្រោក​ដែរ នោះ​ក្រែង​ស្រុក​នោះ​នឹង​ក្អួត​អ្នក​រាល់​គ្នា​ចេញ​ទៀត ដូច​ជា​បាន​ក្អួត​ពួក​សាសន៍​ដទៃ​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទម្លាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​អ្នក​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ»។

ចែក​រំលែក
អាន លេវីវិន័យ 18

លេវីវិន័យ 18:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។ មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​ឲ្យ​សោះ។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​ជា​បងប្អូន​ឪពុក​តែ​មួយ ឬ​បងប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្ដី ទោះ​បី​ជា​កូន​មាន​ខាន់‌ស្លា ឬ​ឥត​ខាន់‌ស្លា​ក្ដី។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្ដី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។ មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​បង ឬ​ប្អូន​អ្នក​ឡើយ។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។ ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ទាស់‌ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​សៅ‌ហ្មង​ជា​មួយ​នាង​ឡើយ។ មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។ មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​អំពើ​ណា​មួយ ក្នុង​បណ្ដា​អំពើ​ទាំង​នេះ​ឲ្យ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។ ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ ត្រូវ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​យើង គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ​ក្នុង​ចំណោម​អំពើ​ទាំង​នោះ​ឡើយ។ ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង​ទេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដូច​ប្រជា‌ជាតិ​ដែល​រស់​នៅ​ទី​នេះ​មុន​អ្នក​រាល់​គ្នា​ឡើយ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​សៅ‌ហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន លេវីវិន័យ 18

លេវីវិន័យ 18:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នោះ​នៅ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញត្ត​របស់​អញ ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង អញ​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។ កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត​បើក​កេរ‌ខ្មាស​របស់​សាច់‌ញាតិ​ដែល​ជិត‌ដិត​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឯ​កេរ‌ខ្មាស​របស់​ឪពុក​ឯង គឺ​ជា​កេរ‌ខ្មាស​ម្តាយ​ឯង នោះ​កុំ​ឲ្យ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​ឯង មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ ឯ​កេរ‌ខ្មាស​នៃ​ប្រពន្ធ​របស់​ឪពុក​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​ឯង​ហើយ ឯ​កេរ‌ខ្មាស​របស់​បង​ឬ​ប្អូន​ស្រី​ឯង ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​ឯង ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង​ហើយ ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​នៃ​ប្រពន្ធ​ឪពុក​ឯង ដែល​ឪពុក​ឯង​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង​ឬ​ប្អូន​ស្រី​បង្កើត​នឹង​ឯង​ហើយ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​ឯង​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​ឯង ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​ឯង​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​ឯង​ហើយ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​ឯង គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​ឯង​ហើយ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​ឯង​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​ឯង​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​ប្រពន្ធ​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ហើយ កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា ហើយ​នឹង​កូន​ស្រី​នាង​ផង​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​នាង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​ដែរ ដ្បិត​នោះ​ជា​សាច់​ជិត​នឹង​នាង​ពេក គឺ​ជា​ការ​អាក្រក់​ជួ‌ជាតិ​ហើយ ហើយ​កុំ​ឲ្យ​យក​ប្រពន្ធ​ថែម​ទាំង​បង ឬ​ប្អូន​ស្រី​របស់​នាង ឲ្យ​បាន​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​ឯង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​ផង កំពុង​ដែល​ប្រពន្ធ​នៅ​រស់​នោះ​ឡើយ។ កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ កុំ​ឲ្យ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នឹង​នាង​នោះ​ឡើយ មិន​ត្រូវ​ឲ្យ​កូន​ចៅ​របស់​ឯង​ណា​មួយ​ចូល​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ​ម៉ូឡុក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា កុំ​ឲ្យ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ខ្ពើម​ឆ្អើម ក៏​កុំ​ឲ្យ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ជា​មួយ​នោះ​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​នឹង​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​ការ​ច្របូក‌ច្របល់​ដ៏​លាមក កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ចេញ​ពី​មុខ​ឯង​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ ហើយ​ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​អញ​ទំលាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង ដូច្នេះ ឯង​រាល់​គ្នា​វិញ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ហើយ​កុំ​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ​ឡើយ ទោះ​ទាំង​អ្នក​ស្រុក ឬ​ពួក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង ដ្បិត​ពួក​អ្នក​នៅ​ស្រុក​នោះ​ដែល​អាស្រ័យ​នៅ​មុន​ឯង​រាល់​គ្នា គេ​បាន​ប្រព្រឹត្ត​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នោះ ហើយ​ស្រុក​របស់​គេ​ក៏​បាន​ត្រូវ​ស្មោក‌គ្រោក​ទៅ ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​នាំ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្មោក‌គ្រោក​ដែរ នោះ​ក្រែង​ស្រុក​នោះ​នឹង​ក្អួត​ឯង​រាល់​គ្នា​ចេញ​ទៀត ដូច​ជា​បាន​ក្អួត​ពួក​សាសន៍​ដទៃ​ដែល​នៅ​មុន​ឯង​រាល់​គ្នា​ផង ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​អញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទំលាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​ឯង​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង អញ​នេះ គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 18