លេវីវិន័យ 18:1-23
លេវីវិន័យ 18:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «យើងនេះគឺជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលអ្នករាល់គ្នាបានអាស្រ័យនៅនោះឡើយ ក៏មិនត្រូវប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលយើងនាំអ្នករាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ។ អ្នករាល់គ្នាត្រូវរក្សាបញ្ញត្តិរបស់យើង ហើយកាន់តាមអស់ទាំងច្បាប់របស់យើងវិញ ដើម្បីនឹងប្រព្រឹត្តតាម យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង យើងនេះគឺជាព្រះយេហូវ៉ា។ កុំឲ្យអ្នកណាក្នុងពួកអ្នករាល់គ្នាចូលទៅជិត បើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ យើងនេះជាព្រះយេហូវ៉ា ឯកេរខ្មាសរបស់ឪពុកអ្នក គឺជាកេរខ្មាសម្តាយអ្នក នោះកុំបើកឲ្យសោះ ដ្បិតគាត់ជាម្តាយអ្នក មិនត្រូវបើកកេរខ្មាសគាត់ឡើយ។ ឯកេរខ្មាសប្រពន្ធរបស់ឪពុកអ្នក នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ឪពុកអ្នកហើយ។ ឯកេរខ្មាសរបស់បង ឬប្អូនស្រីអ្នក ទោះបើជាកូនខាងឪពុក ឬខាងម្តាយអ្នក ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ។ ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីអ្នក នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯង។ ឯកេរខ្មាសរបស់កូនស្រីប្រពន្ធឪពុកអ្នក ដែលឪពុកអ្នកបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងអ្នកហើយ។ កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកអ្នកឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកអ្នក ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយអ្នកដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយអ្នកហើយ។ កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកអ្នក គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងអ្នកហើយ។ កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីអ្នកដែរ ដ្បិតនាងជាប្រពន្ធរបស់កូនអ្នកហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ។ កុំឲ្យបើកកេរខ្មាសរបស់បង ឬប្អូនប្រុសអ្នកឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសអ្នកហើយ។ មិនត្រូវបើកកេរខ្មាសរបស់ស្ត្រីណា និងកូនស្រីរបស់ស្ត្រីនោះឡើយ ក៏មិនត្រូវយក ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីរបស់គាត់ ដើម្បីបើកកេរខ្មាសដែរ ដ្បិតគេជាសាច់ឈាមរបស់អ្នក ។ នេះជាអំពើអាក្រក់ជួជាតិ។ កាលប្រពន្ធរបស់អ្នកនៅរស់នៅឡើយ មិនត្រូវយកបង ឬប្អូនស្រីរបស់នាងមកបើកកេរខ្មាស ដើម្បីប្រណាំងប្រជែងនឹងប្រពន្ធរបស់អ្នកឡើយ។ កុំចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ កុំសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងអ្នក ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនាងឡើយ។ មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។ កុំរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរស្អប់ខ្ពើម។ ក៏កុំរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីរួមសង្វាសជាមួយនោះដែរ ដ្បិតជាអំពើដ៏ថោកទាបបំផុត។
លេវីវិន័យ 18:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។ អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិត ដោយសារច្បាប់ និងវិន័យទាំងនោះ។ យើងជាព្រះអម្ចាស់។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះអម្ចាស់។ មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។ គាត់ជាម្ដាយរបស់អ្នក ដូច្នេះ កុំបន្ថោកម្ដាយរបស់អ្នកឲ្យសោះ។ មិនត្រូវរួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកអ្នកឡើយ ធ្វើដូច្នេះ ដូចជាបន្ថោកឪពុករបស់អ្នកដែរ។ មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។ មិនត្រូវរួមរ័កជាមួយចៅស្រីរបស់អ្នកឡើយ ទោះបីនាងនោះជាកូនរបស់កូនប្រុស ឬកូនស្រីរបស់អ្នកក្ដី ព្រោះធ្វើដូច្នេះ អ្នកបន្ថោកខ្លួន។ មិនត្រូវរួមរ័កជាមួយកូនស្រីរបស់ប្រពន្ធចុងឪពុកអ្នកឡើយ នាងក៏ជាកូនរបស់ឪពុកអ្នកដែរ ដូច្នេះ នាងជាប្អូនស្រីរបស់អ្នក។ មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។ មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ម្ដាយអ្នក។ មិនត្រូវបន្ថោកបងប្រុស ឬប្អូនប្រុសរបស់ឪពុកអ្នក ដោយរួមរ័កជាមួយប្រពន្ធរបស់គាត់ឡើយ ព្រោះនាងត្រូវជាម្ដាយមីងរបស់អ្នក។ មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។ មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។ មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះជាអំពើដ៏ថោកទាបបំផុត។ ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។ មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលឲ្យអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។ មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។ មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។ មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
លេវីវិន័យ 18:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឲ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ ដើម្បីនឹងប្រព្រឹត្តតាម អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា។ កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាចូលទៅជិតបើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ អញនេះជាព្រះយេហូវ៉ា ឯកេរខ្មាសរបស់ឪពុកឯង គឺជាកេរខ្មាសម្តាយឯង នោះកុំឲ្យបើកឲ្យសោះ ដ្បិតគាត់ជាម្តាយឯង មិនត្រូវបើកកេរខ្មាសគាត់ឡើយ ឯកេរខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ឪពុកឯងហើយ ឯកេរខ្មាសរបស់បងឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯងហើយ ឯកេរខ្មាសរបស់កូនស្រីនៃប្រពន្ធឪពុកឯង ដែលឪពុកឯងបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបងឬប្អូនស្រីបង្កើតនឹងឯងហើយ កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកឯងឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកឯង ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ កុំឲ្យបើកកេរខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។ កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក