លេវីវិន័យ 15:19-30

លេវីវិន័យ 15:19-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​ប្រាំពីរ​ថ្ងៃ អ្នក​ណា​ដែល​ប៉ះ​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ។ អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះ‌ពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​ប្រាំពីរ​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។ បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក​ដែល​នាង​ដេក ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ បើ​កាល​ណា​នាង​បាន​ស្អាត​ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ឲ្យ​នាង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ សង្ឃ​ត្រូវ​ថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប មួយ​ទៀត​ជា​តង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 15

លេវីវិន័យ 15:19-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ អ្នក​ប៉ះ​នឹង​កៅ‌អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅ‌អី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង​ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ​អស់​រយៈ​ប្រាំ‌ពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។ កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។ ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ នឹង​ទៅ​ជា​មិន​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។ អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ កាល​ណា​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​នាង​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​បូជា‌ចារ្យ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​យក​សត្វ​មួយ ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​ស្ត្រី​ធ្លាក់​ឈាម ដែល​បណ្ដាល​ឲ្យ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 15

លេវីវិន័យ 15:19-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ អ្នក​ណា​ដែល​ពាល់​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ ឯ​អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះ‌ពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​៧​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។ បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក ដែល​នាង​ដេក​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច បើ​កាល​ណា​នាង​បាន​ស្អាត​ខ្លួន​ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​នាង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ១​ទៀត​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 15