លេវីវិន័យ 12:6-8
លេវីវិន័យ 12:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។ សង្ឃត្រូវថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបរបស់ស្ត្រីដែលសម្រាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី។ ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ គឺមួយសម្រាប់ជាតង្វាយដុត ហើយមួយសម្រាប់ជាតង្វាយលោះបាប សង្ឃត្រូវថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
លេវីវិន័យ 12:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះផុតពេលកំណត់ដែលនាងធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ ព្រោះតែការសម្រាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ បូជាចារ្យថ្វាយសត្វទាំងនេះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មង ដោយសារការធ្លាក់ឈាម នៅពេលសម្រាលកូន។ នេះជាក្រឹត្យវិន័យសម្រាប់ស្ត្រីដែលសម្រាលកូនប្រុស ឬកូនស្រី។ ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ក្រោយពីបូជាចារ្យធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។
លេវីវិន័យ 12:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសំរាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សំរាប់ជាដង្វាយដុត ហើយ១សំរាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។