លេវីវិន័យ 10:1-7
លេវីវិន័យ 10:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប និងអ័ប៊ីហ៊ូវ បានយកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងពីក្រៅទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលព្រះអង្គមិនបានបង្គាប់ឡើយ។ ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។ លោកម៉ូសេហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមារបស់លោកអើរ៉ុនមក បង្គាប់ថា៖ «ចូរមកសែងខ្មោចបងប្អូនរបស់អ្នកចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ»។ គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់លោកម៉ូសេ។ រួចលោកម៉ូសេប្រាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកថា៖ «កុំកោសក់ក្បាលរបស់អ្នករាល់គ្នាឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាខ្ញាល់នឹងក្រុមជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ។ អ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ» គេក៏ធ្វើតាមបង្គាប់របស់លោកម៉ូសេ។
លេវីវិន័យ 10:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ីហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ផ្ទុយពីបញ្ជារបស់ព្រះអង្គ។ ពេលនោះ មានភ្លើងចេញពីព្រះអម្ចាស់ ឆេះពួកគេស្លាប់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។ លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។ ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអម្ចាស់»។ លោកអើរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។
លេវីវិន័យ 10:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯណាដាប នឹងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម នោះម៉ូសេលោកហៅមីសាអែល នឹងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់ម៉ូសេ រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។