លេវីវិន័យ 10:1-20
លេវីវិន័យ 10:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប និងអ័ប៊ីហ៊ូវ បានយកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងពីក្រៅទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលព្រះអង្គមិនបានបង្គាប់ឡើយ។ ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។ លោកម៉ូសេហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមារបស់លោកអើរ៉ុនមក បង្គាប់ថា៖ «ចូរមកសែងខ្មោចបងប្អូនរបស់អ្នកចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ»។ គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់លោកម៉ូសេ។ រួចលោកម៉ូសេប្រាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកថា៖ «កុំកោសក់ក្បាលរបស់អ្នករាល់គ្នាឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាខ្ញាល់នឹងក្រុមជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ។ អ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ» គេក៏ធ្វើតាមបង្គាប់របស់លោកម៉ូសេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យអ្នក ឬពួកកូនរបស់អ្នកផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជតំណតទៅ។ ដើម្បីឲ្យអ្នករាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា និងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត ហើយឲ្យបានបង្រៀនបញ្ញត្តិច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តិដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់គេតាមរយៈលោកម៉ូសេ»។ រួចលោកម៉ូសេបង្គាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកអើរ៉ុនដែលនៅសល់ថា៖ «ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត។ អ្នករាល់គ្នាត្រូវបរិភោគតង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ។ ប៉ុន្តែ ទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង និងកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែករបស់ពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង។ គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។ លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគតង្វាយលោះបាបនៅក្នុងទីបរិសុទ្ធ? ដ្បិតតង្វាយនេះជាអាហារបរិសុទ្ធបំផុត ហើយព្រះបានប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដកអំពើបាបចេញពីក្រុមជំនុំ ប្រយោជន៍ឲ្យបានលោះបាបគេនៅចំពោះព្រះយេហូវ៉ា។ មើល៍ ឥឡូវមិនបានយកឈាមតង្វាយនោះ ទៅក្នុងទីបរិសុទ្ធសោះ គួរតែអ្នករាល់គ្នាបានបរិភោគតង្វាយនោះ នៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ»។ អើរ៉ុនឆ្លើយទៅលោកម៉ូសេថា៖ «មើល៍! ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ ប្រសិនបើខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ តើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាដែរឬ?»។ ពេលលោកម៉ូសេបានឮពាក្យដូច្នោះហើយ លោកក៏យល់ព្រម។
លេវីវិន័យ 10:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ីហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ផ្ទុយពីបញ្ជារបស់ព្រះអង្គ។ ពេលនោះ មានភ្លើងចេញពីព្រះអម្ចាស់ ឆេះពួកគេស្លាប់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។ លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។ ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអម្ចាស់»។ លោកអើរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «មុនពេលចូលក្នុងពន្លាជួបព្រះអម្ចាស់ អ្នក និងកូនរបស់អ្នក មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែលនូវច្បាប់ទាំងប៉ុន្មាន ដែលយើងប្រគល់ឲ្យពួកគេតាមរយៈម៉ូសេ»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីថាម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំប៉័ងឥតមេ ហើយបរិភោគនំប៉័ងនេះនៅជិតអាសនៈ ដ្បិតនំប៉័ងនេះជាអាហារដ៏វិសុទ្ធបំផុត។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់ តាមបញ្ជាដែលខ្ញុំទទួលពីព្រះអង្គ។ រីឯសាច់ទ្រូង និងភ្លៅរបស់សត្វ ដែលគេលើកថ្វាយព្រះអម្ចាស់ គឺយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសម្រាប់បង និងកូនរបស់បង។ ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះអម្ចាស់បានបង្គាប់»។ លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញបូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។ លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើព្រះអម្ចាស់សព្វព្រះហឫទ័យដែរឬ?»។ លោកម៉ូសេយល់ស្របនឹងពាក្យនេះ។
លេវីវិន័យ 10:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯណាដាប នឹងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម នោះម៉ូសេលោកហៅមីសាអែល នឹងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់ម៉ូសេ រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា នឹងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តដែលព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលប្រាប់គេដោយសារម៉ូសេ។ រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត ត្រូវឲ្យអ្នករាល់គ្នាបរិភោគដង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង នឹងពួកកូនរបស់បង ពីដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ពីព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ ឯទ្រូងដែលគ្រវី នឹងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង ហើយនឹងពួកកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ នឹងជាចំណែកនៃពួកកូនរបស់បង ពីយញ្ញបូជានៃដង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង នឹងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសំរាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនឹងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា ដែលឃើញថា ដង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា មើល ឥឡូវមិនបានយកឈាមដង្វាយនោះ ទៅក្នុងទីបរិសុទ្ធសោះ គួរតែឯងបានបរិភោគដង្វាយនោះ នៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ។ នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយដង្វាយលោះបាប នឹងដង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានដង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ កាលម៉ូសេបានឮពាក្យដូច្នោះហើយ នោះទើបលោកបានពេញចិត្តវិញ។