បរិទេវ 5:5-22
បរិទេវ 5:5-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេដេញតាមជិះកយើងខ្ញុំ យើងខ្ញុំអស់កម្លាំង ឥតមានពេលសម្រាកឡើយ។ យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគ។ បុព្វបុរសយើងខ្ញុំបានធ្វើបាប ហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។ មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។ យើងខ្ញុំរកអាហារបាន ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន។ ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ព្រោះតែការអត់ឃ្លាន គេបានចាប់កំហែងពួកស្រ្តីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅតាមទីក្រុងក្នុងស្រុកយូដា។ ឯពួកចៅហ្វាយត្រូវគេចងដៃព្យួរ គេមិនខ្លាចពួកចាស់ទុំទេ។ ពួកកំលោះៗបានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត ក្រោមបាច់ឧស។ លែងមានពួកចាស់ទុំនៅទ្វារក្រុង និងពួកកំលោះៗលេងភ្លេងទៀតហើយ។ យើងខ្ញុំលែងមានអំណរក្នុងចិត្ត ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ ត្រឡប់ទៅជាការសោយសោកវិញ មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។ ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់ មានតែឆ្កែចចកដើរប៉ុណ្ណោះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅអស់កល្បជានិច្ច បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ នៅអស់គ្រប់ទាំងតំណមនុស្ស។ ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ? ឱព្រះយេហូវ៉ាអើយ សូមនាំយើងខ្ញុំឲ្យវិលមកវិញ នោះយើងខ្ញុំនឹងបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចកាលពីដើម ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ហើយព្រះអង្គខ្ញាល់នឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚
បរិទេវ 5:5-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។ យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចម្អែតក្រពះ។ ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន តែពួកគេស្លាប់អស់ហើយ គឺយើងខ្ញុំទេដែលរងទុក្ខទោស ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។ ពួកទាសករត្រួតត្រាលើយើងខ្ញុំ តែគ្មាននរណារំដោះយើងខ្ញុំ ចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។ យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវ ដើម្បីទៅរកស្បៀងអាហារ។ ដោយឃ្លានខ្លាំងពេក ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។ សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូន និងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានា ក្នុងស្រុកយូដា។ ពួកគេព្យួរ-កពួកមន្ត្រីរបស់យើងខ្ញុំ ហើយគ្មាននរណាគោរពចាស់ជរាទេ។ គេប្រើឲ្យពួកយុវជនលីត្បាល់កិន គេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់ រហូតដល់ជំពប់ជើងដួល។ ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុង ទៀតហើយ រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។ អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំ យើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប! ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សា យើងខ្ញុំយំរហូតដល់ហើមភ្នែក។ ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសាន ជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។ ព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យរហូតតទៅ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ រហូតដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលយើងខ្ញុំ អស់មួយជីវិត? ព្រះអម្ចាស់អើយ សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។ តើព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតមែនឬ តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ហួសកម្រិតបែបនេះឬ?
បរិទេវ 5:5-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកអ្នកដែលដេញតាម គេជិះកយើងខ្ញុំ យើងខ្ញុំក៏អស់កំឡាំងឥតមានពេលសំរាកឡើយ យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ នឹងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ ពួកឰយុកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ មានពួកអ្នកបំរើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន នឹងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ ពួកកំឡោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំឡោះៗក៏លែងលេងភ្លេងទៀត ឯសេចក្ដីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប ដោយហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏បានត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ គឺដោយព្រោះតែភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់នៅ ហើយមានតែឆ្កែចចកដើរនៅលើប៉ុណ្ណោះ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ ហេតុអ្វីបានជាទ្រង់ភ្លេចយើងខ្ញុំជារៀងរាបដរាប ហើយបោះបង់ចោលយើងខ្ញុំជាយូរអង្វែងដូច្នេះ ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម តើទ្រង់បានបោះបង់ចោលយើងខ្ញុំជាដាច់ខាតឬ ទ្រង់មានសេចក្ដីខ្ញាល់ក្តៅនឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚