បរិទេវ 4:1-5
បរិទេវ 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។ ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាស នោះបានរាប់ដូចជាភាជនៈដីទៅវិញ ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ! សូម្បីតែមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែកូនស្រីរបស់សាសន៍ខ្ញុំវិញ មានចិត្តខ្មៅ ដូចជាសត្វអូទ្រុសនៅទីរហោស្ថាន។ អណ្ដាតរបស់កូនដែលនៅបៅ នៅជាប់នឹងក្រអូមមាត់ដោយស្រេក កូនតូចៗសូមនំបុ័ង តែគ្មានអ្នកណាឲ្យវាឡើយ។ ពួកអ្នកដែលធ្លាប់មានអាហារឆ្ងាញ់ៗបរិភោគ បែរជាត្រូវដាច់ពោះស្លាប់នៅតាមផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង ក៏បែរជានៅគំនរផេះទៅវិញ។
បរិទេវ 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង តាមដងផ្លូវទាំងអស់! ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់ គឺមានតម្លៃដូចមាស។ ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ! សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ រីឯប្រជាជនរបស់ខ្ញុំវិញ គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន ដូចសត្វអូទ្រុសនៅវាលរហោស្ថាន។ កូនតូចៗរបស់គេស្រេកទឹកខះក ក្មេងៗនាំគ្នាយំទាររកបាយ តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។ អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
បរិទេវ 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាសបានទៅជាស្រអាប់យ៉ាងណាហ្ន៎ ឯមាសសុទ្ធ នោះបានផ្លាស់ប្រែយ៉ាងណាហ្ន៎ ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធបានចាក់ចោល នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ ឯពួកកូនប្រុសៗរបស់ក្រុងស៊ីយ៉ូន ដែលមានដំឡៃដូចជាមាសយ៉ាងសំរាំង នោះបានរាប់ទុកដូចជាភាជនៈដីវិញ ជាការដែលដៃជាងស្មូនធ្វើយ៉ាងណាហ្ន៎ ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន អណ្តាតរបស់កូន ដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ