បរិទេវ 3:21-33 - Compare All Versions
បរិទេវ 3:21-33 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ មានទំហំធំពន់ពេកក្រៃ។ ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីព្រះអម្ចាស់ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គ និងចំពោះអ្នកដែលស្វែងរកព្រះអង្គ។ ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។ ជាការប្រពៃណាស់ដែលមនុស្ស ទទួលការលត់ដំតាំងពីក្មេងទៅ។ ពេលណាព្រះអង្គធ្វើទោស យើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់ ដាច់ឡែកតែឯង ហើយក្រាបចុះ ឱនមុខដល់ដី ធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។ ត្រូវបែរថ្ពាល់ឲ្យគេទះ និងទ្រាំឲ្យគេជេរប្រមាថចុះ ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើង រហូតឡើយ។ ទោះបីព្រះអង្គដាក់ទោសក្ដី ព្រះអង្គនៅតែអាណិតមេត្តាដដែល ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំពន់ពេកក្រៃ។ ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹង ដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
បរិទេវ 3:21-33 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹមឡើង គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់ បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺទ្រង់ដែលដាក់នឹមលើខ្លួន អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី បើប្រសិនជានឹងមានទីសង្ឃឹមបាន ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
បរិទេវ 3:21-33 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។ ព្រះយេហូវ៉ាល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់ព្រលឹងអ្នកណាដែលស្វែងរកព្រះអង្គ។ បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។ ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺព្រះអង្គដែលដាក់នឹមលើខ្លួន អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី (បើប្រសិនជានឹងមានទីសង្ឃឹមបាន) ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល។ ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលជាដរាបទេ។ ទោះបើព្រះអង្គធ្វើទុក្ខក៏ដោយ គង់តែព្រះអង្គនឹងអាណិតមេត្តា ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ព្រះអង្គដែរ ព្រះអង្គមិនសប្បាយព្រះហឫទ័យទេ ក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះ។