បរិទេវ 3:19-25
បរិទេវ 3:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង។ ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ។ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។ ព្រះយេហូវ៉ាល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់ព្រលឹងអ្នកណាដែលស្វែងរកព្រះអង្គ។
បរិទេវ 3:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។ ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ មានទំហំធំពន់ពេកក្រៃ។ ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីព្រះអម្ចាស់ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គ និងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
បរិទេវ 3:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង នឹងថ្នាំពុលផង ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹមឡើង គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់