បរិទេវ 3:17-34

បរិទេវ 3:17-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។ ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា «ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។ បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។ ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ព្រះ‌អង្គ​ដែល​ដាក់​នឹម​លើ​ខ្លួន អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី (បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន) ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។ ទោះ​បើ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុ‌រស​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មិនសប្បាយព្រះ‌ហឫ‌ទ័យ​ទេ ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះ។ ពេល​គេ​ជិះ​ជាន់​ពួក​ឈ្លើយ​នៅ​ផែនដី

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:17-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។ ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។ ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។ ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ធំ​ពន់​ពេក​ក្រៃ។ ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។ ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:17-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ទ្រង់​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចំរើន​ហើយ ខ្ញុំ​បាន​ថា កំឡាំង​ខ្ញុំ​សូន្យ​បាត់​អស់​ទៅ សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ‌យេហូវ៉ា​ហើយ។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង នឹង​ថ្នាំ​ពុល​ផង ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្ដី​នេះ​ថា កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ធំ​ណាស់ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់ បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ទ្រង់​ដែល​ដាក់​នឹម​លើ​ខ្លួន អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះដៀល ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​មិន​បោះ‌បង់​ចោល​នៅ​ជា​ដរាប​ទេ តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫទ័យ​ទេ ឯ​ការ​ដែល​ជាន់​ឈ្លី​ពួក​ឈ្លើយ​នៅ​ផែនដី

ចែក​រំលែក
អាន បរិទេវ 3