បរិទេវ 3:17-24
បរិទេវ 3:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយព្រះអង្គបោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្ដីសុខទៅ ខ្ញុំបានភ្លេចសេចក្ដីចម្រើនហើយ ខ្ញុំក៏ពោលថា៖ «កម្លាំងខ្ញុំបាត់បង់អស់ សេចក្ដីសង្ឃឹមលើព្រះយេហូវ៉ាក៏លែងមានដែរ»។ ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង។ ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ។ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។
បរិទេវ 3:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។ ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់ ក៏លែងមានទៀតដែរ”។ ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។ ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ មានទំហំធំពន់ពេកក្រៃ។ ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីព្រះអម្ចាស់ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
បរិទេវ 3:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយទ្រង់បោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្ដីសុខទៅ ខ្ញុំបានភ្លេចសេចក្ដីចំរើនហើយ ខ្ញុំបានថា កំឡាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្ដីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។ ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង នឹងថ្នាំពុលផង ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹមឡើង គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់