បរិទេវ 3:1-20

បរិទេវ 3:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំផ្ទួនៗ​រាល់​ថ្ងៃ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង ព្រះ‌អង្គ​បាន​ធ្វើ​របង​ឃុំ​ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល និង​ការ​ដែល​នឿយ​លំបាក ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។ ព្រះ‌អង្គ​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​យក​ច្រវាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់ ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់។ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង ព្រះ‌អង្គ​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សម្រាប់​ព្រួញ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ព្រះ‌អង្គ​ទម្លុះ​ថ្លើម​ខ្ញុំ ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។ ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។ ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។ ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់ ទ្រង់​ព្រះ‌ពិរោធ។ ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។ ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។ ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។ ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។ ព្រះអង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។ ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។ ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។ ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ព្រះអង្គ​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។ ព្រះអង្គ​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។ ព្រះអង្គ​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។ ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។ ព្រះអង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។ ព្រះអង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។ ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។

ចែក​រំលែក
អាន បរិទេវ 3

បរិទេវ 3:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ទ្រង់​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​សេចក្ដី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បែរ​ព្រះ‌ហស្ត​មក ទាស់​នឹង​ខ្ញុំ​ខ្ជាន់ៗ​ជានិច្ច​រាល់​តែ​ថ្ងៃ ទ្រង់​បាន​ធ្វើ​ឲ្យ​សាច់ ហើយ​ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង ទ្រង់​បាន​ធ្វើ​របង​ឃុំ‌ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល នឹង​ការ​ដែល​នឿយ​លំបាក ទ្រង់​បាន​ឲ្យ​ខ្ញុំ​អាស្រ័យ​នៅ​ទី​ងងឹត ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ ទ្រង់​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​ធ្វើ​ឲ្យ​ច្រវាក់​ខ្ញុំ​ជា​ធ្ងន់ អើ កាល​ណា​ខ្ញុំ​អំពាវ‌នាវ ហើយ​ស្រែក​ឡើង​ឲ្យ​ជួយ នោះ​ទ្រង់​រាំង‌រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ចូល​ទៅ​ឡើយ ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់ ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ ទ្រង់​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សំរាប់​ព្រួញ ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង ទ្រង់​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ ហើយ​ទ្រង់​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចំរើន​ហើយ ខ្ញុំ​បាន​ថា កំឡាំង​ខ្ញុំ​សូន្យ​បាត់​អស់​ទៅ សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ‌យេហូវ៉ា​ហើយ។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង នឹង​ថ្នាំ​ពុល​ផង ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ

ចែក​រំលែក
អាន បរិទេវ 3