បរិទេវ 2:1-22

បរិទេវ 2:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្ដេច​បាន​ជា​ព្រះ‌អម្ចាស់​គ្រប​បាំង​កូន​ស្រី នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់! ព្រះ​អង្គ​បាន​ទម្លាក់​លម្អ​របស់​អ៊ីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។ ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។ នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ស្រុក​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។ ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ​ក្នុងពួក​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង។ ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។ ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។ ព្រះ‌យេហូវ៉ា​បាន​សម្រេច​នឹង​បំផ្លាញ​កំផែង នៃ​កូន​ស្រី​ស៊ីយ៉ូន ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ព្រះ‌អង្គ​បាន​បណ្ដាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង​ទួញ​ទំនួញ និង​រោយ‌រៀវ​ជា‌មួយ​គ្នា ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ។ ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី ឥត​មាន​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។ ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។ វា​សួរ​ដល់​ម្តាយ​ថា «តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?» ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា? តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ? តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កម្សាន្ត​ចិត្ត​នាង​បាន? ដ្បិត​ការ​អន្ត‌រាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន? ពួក​ហោរា​របស់​នាង បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​របស់​នាង ប្រ‌យោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។ អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?» ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង បានហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា «យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ!»។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​ដែល​ព្រះ‌អង្គ​គិត​ធ្វើ ព្រះ‌អង្គ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​នាង ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ពួក ដែល​ត​តាំង​នឹង​នាង។ ចិត្ត​របស់​គេ​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សម្រាក​ឡើយ កុំ​ឲ្យ​ប្រ‌ស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ។ ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ព្រះ‌អង្គ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ? ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ និង​ពួក​កំលោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាប់​សម្លាប់​គេ ឥត​ប្រណី​ឡើយ។ ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំ​វិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់ បាន​សម្លាប់​អស់​ហើយ។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវ‌ក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែល ព្រះអង្គ​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។ ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រា‌អែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។ ព្រះអង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ព្រះអង្គ ព្រះអង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច និង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។ ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។ ព្រះអង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។ ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​ឱន​មុខ​យ៉ាង​អាម៉ាស់។ ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។ ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។ ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សម្រាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន? ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត ឥត​បាន​ការ​មក​បញ្ឆោត​នាង។ អស់​អ្នក​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!” ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណី ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរា‌ជ័យ ព្រះអង្គ​ប្រទាន​កម្លាំង ឲ្យ​បច្ចា‌មិត្ត​របស់​នាង។ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេ ចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។ ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។ ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។ ព្រះអង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់ ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ ប្រជា‌ជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់ ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្ដី​លំអ​របស់​អ៊ីស្រាអែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ នឹង​ពួក​ចៅហ្វាយ​ផង ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រាអែល​ចេញ ក៏​បាន​ដក​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រាអែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ នឹង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ នឹង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច នឹង​សង្ឃ​ផង ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា នឹង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច នឹង​ពួក​ចៅហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។ ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករនឹង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន ពួក​ហោរា​របស់​នាង​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង‌ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​នាង ប្រយោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត នឹង​សេចក្ដី​ដែល​បណ្តាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។ ចិត្ត​របស់​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់… ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សំរាក​ឡើយ កុំ​ឲ្យ​ប្រស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចារណា​មើល ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី តើ​ពួក​សង្ឃនឹង​ពួក​ហោរា​នឹង​ត្រូវ​គេ​សំឡាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ ទាំង​ពួក​ជំទង់ នឹង​ពួក​ចាស់ៗ​សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ នឹង​ពួក​កំឡោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ទ្រង់​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់ ទ្រង់​បាន​កាប់​សំឡាប់​គេ ឥត​ប្រណី​ឡើយ ទ្រង់​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ​មុត‌មាំ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំវិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់​បាន​សំឡាប់​អស់​ហើយ។

ចែក​រំលែក
អាន បរិទេវ 2