បរិទេវ 1:17-22
បរិទេវ 1:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ បានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយ គេសប្បាយចិត្ត ដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ ព្រះអង្គនឹងឲ្យថ្ងៃ ដែលព្រះអង្គបានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។ សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះព្រះអង្គ ហើយសូមព្រះអង្គធ្វើដល់គេ ដូចជាព្រះអង្គបានធ្វើដល់ខ្ញុំម្ចាស់ ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។
បរិទេវ 1:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសម្រាលទុក្ខនាងទេ ព្រះអម្ចាស់បញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់លោកយ៉ាកុប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។ ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។ ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។ គេបានឮខ្ញុំម្ចាស់យំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំម្ចាស់ទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំម្ចាស់រងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញព្រះអង្គធ្វើទោសខ្ញុំម្ចាស់ ព្រះអង្គធ្វើឲ្យថ្ងៃដែលព្រះអង្គកំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំម្ចាស់ដែរ! សូមទតមើលអំពើអាក្រក់ទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្ត។ សូមដាក់ទោសពួកគេ ដូចព្រះអង្គបាន ដាក់ទោសខ្ញុំម្ចាស់ ព្រោះតែកំហុសទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់ប្រព្រឹត្ត ខ្ញុំម្ចាស់យំថ្ងូរយ៉ាងសែនវេទនា ហើយចិត្តខ្ញុំម្ចាស់ក៏ឈឺចាប់ជាខ្លាំងដែរ។
បរិទេវ 1:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្តាលគេ ទុកដូចជារបស់ស្មោកគ្រោក ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ នឹងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ នឹងពួកចាស់ទុំរបស់ខ្ញុំបានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសំរាប់ចំរើនកំឡាំងខ្លួន។ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះ ឯទ្រង់ៗនឹងឲ្យថ្ងៃដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់ ហើយសូមទ្រង់ធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ខ្ញុំម្ចាស់ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។