បរិទេវ 1:1-20
បរិទេវ 1:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានអ្នកណាជួយដោះទុក្ខឡើយ ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ គេត្រឡប់ជាខ្មាំងសត្រូវវិញ។ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។ ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅមុខពួកដែលតតាំង។ សម្រស់កូនស្រីក្រុងស៊ីយ៉ូនបានបាត់បង់អស់ហើយ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាម ដោយល្វើយកម្លាំង។ នៅគ្រារងទុក្ខវេទនា ហើយលំបាក ក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីល្អទាំងប៉ុន្មាន ដែលធ្លាប់មានកាលពីដើម ក្នុងគ្រាដែលជនទាំងឡាយបានធ្លាក់ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាង ឈប់ផ្អាកនៅ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា របស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់នាង ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ បណ្ដាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ប្ដូរនឹងអាហារ សម្រាប់ចម្រើនកម្លាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។ ឱអ្នករាល់គ្នាដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ? សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។ ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ទឹកភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកម្សាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។ ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ បានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ
បរិទេវ 1:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី! នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។ បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។ ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស ដែលរកវាលស្មៅស៊ីលែងបានទៀត។ ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង នៅមុខសត្រូវដែលដេញតាម។ នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។ យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។ ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។ «ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!» សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង នាងឃើញប្រជាជាតិនានាចូលមកក្នុង ទីសក្ការៈរបស់ព្រះអម្ចាស់ គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យ ចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។ ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់! អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធដ៏ខ្លាំង ព្រះអង្គបានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា! ព្រះអង្គបានបោះភ្លើងពីស្ថានលើ ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ ព្រះអង្គដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ ព្រះអង្គធ្វើឲ្យខ្ញុំដកខ្លួនថយ ព្រះអង្គទុកឲ្យខ្ញុំនៅឯកោ ហើយឈឺចាប់រៀងរាល់ថ្ងៃ។ ព្រះអង្គប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ ព្រះអម្ចាស់បានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។ ព្រះអម្ចាស់បានកម្ចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ព្រះអង្គចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ ព្រះអម្ចាស់បានកម្ទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។ ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។ ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសម្រាលទុក្ខនាងទេ ព្រះអម្ចាស់បញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់លោកយ៉ាកុប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។ ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។ ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
បរិទេវ 1:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎ នាងដែលពីដើមជាប្រធាននៅកណ្តាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎ ពីដើមជាបុត្រីនៅកណ្តាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ បានទៅចំណុះគេវិញយ៉ាងណាហ្ន៎ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្ដីទុក្ខ ហើយតួទីក្រុងក៏មានសេចក្ដីជូរចត់ដែរ ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្ដីចំរើន ដ្បិតព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង គ្រប់ទាំងសេចក្ដីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាម ដោយល្វើយកំឡាំង។ នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ទតសេចក្ដីវេទនារបស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ បណ្តាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ផ្តូរនឹងអាហារ សំរាប់ចំរើនកំឡាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។ ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ ទ្រង់បានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ទ្រង់បានដាក់មងសំរាប់ចាប់ជើងខ្ញុំ ទ្រង់បានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តទ្រង់បានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា ក៏បានឡើងមកពាក់លើកខ្ញុំ ទ្រង់បានឲ្យកំឡាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់ទ្រង់បានប្រគល់ខ្ញុំទៅក្នុងកណ្តាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំឡោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកំសាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។ ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្តាលគេ ទុកដូចជារបស់ស្មោកគ្រោក ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ នឹងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ នឹងពួកចាស់ទុំរបស់ខ្ញុំបានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសំរាប់ចំរើនកំឡាំងខ្លួន។ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ