យូដាស 1:5-11

យូដាស 1:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ខ្ញុំ​ចង់​រំឭក​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្ដង​រួច​មក​ហើយ​ថា ព្រះ‌អម្ចាស់ ដែល​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​អ្នក​ដែល​មិន​ជឿ ឲ្យ​ត្រូវ​វិនាស។ រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ជា​ទេវតា​ដែល​ចាក​ចេញ​ពី​លំនៅ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ព្រះ‌អង្គ​បាន​ឃុំ​ក្នុង​ទីងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា‌និច្ច រហូត​ដល់​ពេល​ជំនុំ‌ជម្រះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។ អ្នក​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួក​គេ​រវើ‌រវាយ ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក គេ​បដិសេធ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ពួក​ដែល​មាន​សិរីល្អ ។ ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។ ប៉ុន្តែ អ្នក​ទាំង​នោះ​ហ៊ាន​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​យល់ ហើយ​បំផ្លាញ​ខ្លួន​គេ​ដោយ​សេចក្តី​ទាំង​នោះ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​គ្មាន​វិចារណ​ញ្ញាណ។ វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំឭក​បងប្អូន​ថា ក្រោយ​ពេល​ដែល​ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ឲ្យ​ចេញ​ផុត​ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្តរាយ។ រីឯ​ពួក​ទេវតា* ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំ‌នៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ ព្រះ‌ជា‌ម្ចាស់​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់‌កល្ប​ជានិច្ច រង់‌ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស។ រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ ដូច​ទេវតា​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្ម‌ជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌ‌កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ គំនិត​រវើ‌រវាយ​របស់​គេ​បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ជេរ​ប្រមាថ​ពួក​ទេវតា​ដែល​ប្រកប​ដោយ​សិរី‌រុងរឿង។ នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!»។ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ចង់​រំឭក​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្តង​ហើយ​ថា ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ទ្រង់​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​ជឿ​វិញ ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​‌កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ដូច​ជា​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ជុំ‌វិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្តោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​‌កល្ប​ជានិច្ច ទោះ​បើ​មាន​ក្បួន​ដូច្នោះ​ហើយ គង់​តែ​មនុស្ស​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​វិញ ដោយ​នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ ទាំង​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់‌គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់​បន្ទោស​ឯង​ចុះ តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ

ចែក​រំលែក
អាន យូដាស 1