យូដាស 1:4-6
យូដាស 1:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។ ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។ រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ
យូដាស 1:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។ បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។
យូដាស 1:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។ ខ្ញុំចង់រំឭកដល់អ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្តងហើយថា ក្រោយដែលព្រះអម្ចាស់បានជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីស្រុកអេស៊ីព្ទមក នោះទ្រង់បានបំផ្លាញពួកអ្នកដែលមិនជឿវិញ ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ