យូដាស 1:4-16
យូដាស 1:4-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។ ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។ រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។ ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។ ប៉ុន្តែ អ្នកទាំងនោះហ៊ានជេរប្រមាថអ្វីៗដែលខ្លួនមិនយល់ ហើយបំផ្លាញខ្លួនគេដោយសេចក្តីទាំងនោះ ហាក់ដូចជាសត្វតិរច្ឆានដែលគ្មានវិចារណញ្ញាណ។ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។ ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។ មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។
យូដាស 1:4-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។ បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។ នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។ រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!។ លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសម្ដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។ ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
យូដាស 1:4-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។ ខ្ញុំចង់រំឭកដល់អ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្តងហើយថា ក្រោយដែលព្រះអម្ចាស់បានជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីស្រុកអេស៊ីព្ទមក នោះទ្រង់បានបំផ្លាញពួកអ្នកដែលមិនជឿវិញ ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច ទោះបើមានក្បួនដូច្នោះហើយ គង់តែមនុស្សទាំងនេះធ្វើឲ្យខ្លួនស្មោកគ្រោកវិញ ដោយនឹកតែពីផ្លូវខូចអាក្រក់ ទាំងមើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ តែពួកនោះ គេហ៊ានជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ផង ព្រមទាំងបង្ខូចខ្លួន ក្នុងការអ្វីដែលគេយល់ដោយធម្មតាវិញ ហាក់ដូចជាសត្វតិរច្ឆាន វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ ពួកនោះជាដុំស្មោកគ្រោក ក្នុងពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់ គេបរិភោគជាមួយឥតខ្លាច ទាំងចិញ្ចឹមតែខ្លួនគេ គេជាពពកឥតទឹក ដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើឥតផ្លែក្នុងរដូវកាល ដែលស្លាប់២ដងរួចហើយ ក៏ត្រូវរលើងផង គេជារលកសមុទ្រយ៉ាងសំបើម ដែលបែកពពុះ ចេញជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ ក៏ជាផ្កាយមិនទៀង ដែលសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ច បានបំរុងទុកឲ្យគេ ឯហេណុក ជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអំបាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់ មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្ស ឲ្យតែបានកំរៃទេ។