យូដាស 1:17-25
យូដាស 1:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីសេចក្ដីដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានប្រាប់យើងពីមុន។ លោកទាំងនោះមានប្រសាសន៍មកអ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលប្រព្រឹត្តតាមតែសេចក្ដីប៉ងប្រាថ្នាដ៏ទមិឡល្មើសរបស់ខ្លួន»។ អ្នកទាំងនេះហើយដែលនាំឲ្យមានការបែកបាក់គ្នា ជាមនុស្សមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណទេ។ រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។ ចូរមានចិត្តអាណិតដល់អ្នកខ្លះដែលមានចិត្តសង្ស័យ ហើយសង្គ្រោះអ្នកដទៃ ដោយឆក់គេឲ្យរួចផុតពីភ្លើង ត្រូវមានចិត្តមេត្តាករុណាដល់មនុស្សឯទៀតទាំងភ័យខ្លាច ហើយស្អប់សូម្បីតែអាវដែលស្មោកគ្រោក ដោយសារសាច់ឈាមរបស់គេ។ រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ គឺព្រះតែមួយព្រះអង្គ ជាព្រះសង្គ្រោះនៃយើង ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនសម័យកាលទាំងអស់ នៅពេលនេះ និងអស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។:៚
យូដាស 1:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុតនឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។ រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។ ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្តុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលព្រះអង្គមានតាំងពីមុនកាលសម័យទាំងអស់ ហើយព្រះអង្គក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។
យូដាស 1:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្ដីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ ប៉ុន្តែ ឯអ្នករាល់គ្នា ជាពួកស្ងួនភ្ងាអើយ ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ ព្រមទាំងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ចវិញ ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្ដីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច ហើយស្អប់ដល់ទាំងអាវ ដែលត្រូវស្មោកគ្រោក ដោយសាច់ឈាមផង។ រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនឹងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង គឺជាព្រះអង្គដ៏ជាព្រះតែមួយ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះសូមឲ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា នឹងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ អាម៉ែន។:៚