យូដាស 1:16-21
យូដាស 1:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីសេចក្ដីដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានប្រាប់យើងពីមុន។ លោកទាំងនោះមានប្រសាសន៍មកអ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលប្រព្រឹត្តតាមតែសេចក្ដីប៉ងប្រាថ្នាដ៏ទមិឡល្មើសរបស់ខ្លួន»។ អ្នកទាំងនេះហើយដែលនាំឲ្យមានការបែកបាក់គ្នា ជាមនុស្សមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណទេ។ រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។
យូដាស 1:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុតនឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។ រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។
យូដាស 1:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្ស ឲ្យតែបានកំរៃទេ។ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្ដីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ ប៉ុន្តែ ឯអ្នករាល់គ្នា ជាពួកស្ងួនភ្ងាអើយ ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ ព្រមទាំងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ចវិញ ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង