យូដាស 1:14-19
យូដាស 1:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។ មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីសេចក្ដីដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានប្រាប់យើងពីមុន។ លោកទាំងនោះមានប្រសាសន៍មកអ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលប្រព្រឹត្តតាមតែសេចក្ដីប៉ងប្រាថ្នាដ៏ទមិឡល្មើសរបស់ខ្លួន»។ អ្នកទាំងនេះហើយដែលនាំឲ្យមានការបែកបាក់គ្នា ជាមនុស្សមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណទេ។
យូដាស 1:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសម្ដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។ ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុតនឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។
យូដាស 1:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯហេណុក ជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអំបាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់ មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្ស ឲ្យតែបានកំរៃទេ។ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្ដីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ