យូដាស 1:1-8
យូដាស 1:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។ ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។ ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។ ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។ រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។
យូដាស 1:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ត សូមជ្រាប។ សូមព្រះជាម្ចាស់មេត្តាករុណាប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។ បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។ បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។
យូដាស 1:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រយូដាស ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនយ៉ាកុប ខ្ញុំផ្ញើមកពួកអ្នកដែលព្រះបានហៅ ជាពួកអ្នកស្ងួនភ្ងាក្នុងព្រះដ៏ជាព្រះវរបិតា ដែលបំរុងទុកក្នុងព្រះយេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត នឹងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។ ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។ ខ្ញុំចង់រំឭកដល់អ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្តងហើយថា ក្រោយដែលព្រះអម្ចាស់បានជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីស្រុកអេស៊ីព្ទមក នោះទ្រង់បានបំផ្លាញពួកអ្នកដែលមិនជឿវិញ ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច ទោះបើមានក្បួនដូច្នោះហើយ គង់តែមនុស្សទាំងនេះធ្វើឲ្យខ្លួនស្មោកគ្រោកវិញ ដោយនឹកតែពីផ្លូវខូចអាក្រក់ ទាំងមើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង