យ៉ូស្វេ 9:22-27

យ៉ូស្វេ 9:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​បាន​ហៅ​ពួក​គេ​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បញ្ឆោត​យើង ដោយ​ពោល​ថា "យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់" ដែល​តាម​ពិត អ្នក​រាល់​គ្នារស់នៅ​ក្នុង​ចំណោម​ពួក​យើង​ដូច្នេះ? ដូច្នេះ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដា‌សា​ហើយ! អ្នក​រាល់​គ្នា​នឹង​មិន​ដែល​រួច​ផុត​ពី​ការ​ធ្វើ​ជា​បាវ​បម្រើ​ឡើយ គឺ​ជា​អ្នក​កាប់​ឧស និង​ដង​ទឹកសម្រាប់​ដំណាក់​នៃ​ព្រះរបស់ខ្ញុំ​ជា‌និច្ច»។ គេ​ឆ្លើយ​តប​លោក​យ៉ូស្វេ​ថា៖ «ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​របស់​លោក​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​បង្គាប់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​ពួក​លោក ហើយ​ឲ្យ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ចេញ​ពី​មុខ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ភ័យ​ខ្លាច​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ជា​ខ្លាំង ព្រោះ​តែ​ពួក​លោក។ ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថាល្អ ហើយ​ត្រឹម‌ត្រូវ​ចុះ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​រំ​ដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ប្រជា‌ជន​អ៊ី​ស្រា​អែល​មិន​សម្លាប់​ពួកគេ​ឡើយ។ ប៉ុន្ដែ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស ហើយ​ដង​ទឹក​សម្រាប់​ក្រុម​ជំនុំ និង​សម្រាប់​អាស‌នារបស់​ព្រះ‌យេហូវ៉ា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 9

យ៉ូស្វេ 9:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ! ដោយ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ»។ ពួក​គេ​ឆ្លើយ​តប​មក​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គេ​រៀប​រាប់​យ៉ាង​លំអិត​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​ប្រគល់​ស្រុក​ទាំង​មូល​ដល់​ពួក​លោក និង​ឲ្យ​ពួក​លោក​បំផ្លាញ​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ខ្លាច​ពួក​លោក​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​បារម្ភ​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដែរ នេះ​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ។ ឥឡូវ​នេះ យើង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ដែល​លោក​យល់​ឃើញ​ថា​ល្អ និង​ត្រឹម​ត្រូវ​ចុះ»។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​បែប​នេះ គឺ​លោក​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​អាសនៈ​របស់​ព្រះ‌អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។

ចែក​រំលែក
អាន យ៉ូស្វេ 9

យ៉ូស្វេ 9:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ ដូច្នេះ​ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បំរើ​ឡើយ គឺ​ត្រូវ​កាប់​ឧស ហើយ​រែក​ទឹក​សំរាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់​ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា ឥឡូវ​នេះ មើល​យើង​ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថា​ស្រួល ហើយ​ត្រឹម‌ត្រូវ​ចុះ យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​ស្លាប់​ឡើយ នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ នឹង​សំរាប់​អាសនា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន យ៉ូស្វេ 9