យ៉ូស្វេ 8:30-35
យ៉ូស្វេ 8:30-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកយ៉ូស្វេស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ប្រជាជនអ៊ីស្រាអែល គឺដូចមានសេចក្ដីចែងនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេថា «អាសនាធ្វើពីដុំថ្មទាំងមូល គឺថ្មដែលមិនមានអ្នកណាយកដែកមកដាប់ពីលើ»។ គេក៏ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនានោះ ព្រមទាំងថ្វាយតង្វាយមេត្រីផង។ នៅទីនោះ លោកយ៉ូស្វេ ចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារនៅលើថ្ម នៅចំពោះមុខប្រជាជនអ៊ីស្រាអែល។ ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។ បន្ទាប់មក លោកអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ។ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ គ្មានពាក្យណាមួយដែលលោកយ៉ូស្វេមិនបានអាន នៅមុខអង្គប្រជុំទាំងមូលនៃសាសន៍អ៊ីស្រាអែលឡើយ គឺរួមទាំងស្ត្រី កូនក្មេង និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេដែរ។
យ៉ូស្វេ 8:30-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេសង់អាសនៈថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល នៅលើភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ជនជាតិអ៊ីស្រាអែល គឺដូចមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រាអែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជាមេត្រីភាពផង។ លោកយ៉ូស្វេចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរវិន័យទាំងមូល។ លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។
យ៉ូស្វេ 8:30-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង នៅទីនោះ លោកចារឹកថ្មចម្លងក្រិត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ នឹងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហឹប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ នឹងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល រួចមក លោកក៏អានមើលអស់ទាំងពាក្យនៃក្រិត្យវិន័យ ទោះទាំងព្រះពរ នឹងសេចក្ដីបណ្តាសាទាំងប៉ុន្មានផង តាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ នឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។