យ៉ូស្វេ 8:12-22

យ៉ូស្វេ 8:12-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​បាន​យក​មនុស្ស​ប្រមាណ​ប្រាំ​ពាន់​នាក់ ហើយ​ដាក់​គេ​ឲ្យ​បង្កប់​ខ្លួន​នៅ​ចន្លោះ​ក្រុង​បេត-អែល និង​ក្រុង​អៃយ ពី​ខាង​លិច​ទី​ក្រុង។ ដូច្នេះ គេក៏​បានបោះ​ទ័ព​តាម​កន្លែង​រៀង​ខ្លួន គឺ‌ទី​តាំង​ទ័ព​ធំ​ដែលនៅ​ខាង​ជើង​ទី​ក្រុង និងកម្លាំង​ការ​ពារ​ទ័ព​ជួរខាង​ក្រោយ នៅ​ខាង​លិច​ទីក្រុង។ យប់​នោះ លោក​យ៉ូស្វេ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ពី​ព្រលឹម ហើយ​ស្តេច និងប្រជា‌រាស្ត្រ​របស់​ស្ដេច​ទាំង​អស់ ក៏​ចេញ​ទៅ​កាន់​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទល់​មុខ​វាល​អារ៉ាបា ឥត​ដឹង​ថា​មាន​ពល​ទ័ព​បង្កប់​ទាស់​នឹង​គេ នៅ​ខាង​ក្រោយ​ទី​ក្រុង​ទេ។ ឯលោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​ទី​រហោ‌ស្ថាន។ ដូច្នេះ ពួក​គេ​ក៏​ហៅ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ក្រុង​ទាំង​អស់ ឲ្យ​ប្រមូល​គ្នា​មក​ដេញ​តាម​ទ័ព​អ៊ី​ស្រាអែល ហើយ​ពេល​ពួក​គេ​ដេញ​តាម​លោក​យ៉ូស្វេ ពួក​គេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង។ នៅ​ក្នុង​ក្រុង​អៃយ និង​ក្រុង​បេត-អែល គ្មាន​សេស‌សល់​អ្នក​ណា​ម្នាក់ ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក​គេ​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ហើយ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​យើង​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ឆ្ពោះ​ទៅ​ទី​ក្រុង។ កាល​លោក​លើក​ដៃ​ឡើង ពួក​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​ជា​ប្រញាប់ សម្រុក​ចូល​ទៅ​ចាប់​យក​ទីក្រុង ហើយ​ប្រញាប់‌ប្រញាល់​ដុតទី​ក្រុង​នោះ​ភ្លាម។ ដូច្នេះ កាល​ពួក​ក្រុង​អៃយ​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុងទៅ​លើ​មេឃ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ដ្បិត​ពួក​អ៊ីស្រា‌អែល​ដែល​រត់​ទៅ​ទី​រហោ‌ស្ថាន បាន​បក​ក្រោយ​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ។ កាល​លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ថា ទ័ព​ឆ្មក់​ចាប់​យក​ទី​ក្រុង​បាន​ហើយ ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នេះ គេ​ក៏​បក​ក្រោយ វាយ​ប្រហារ​ពួក​ក្រុង​អៃយ​វិញ។ ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​រួច​ហើយ យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​លោក​យ៉ូស្វេ ស្ដេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។ នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។ ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។ កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។ ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រា‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:12-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល នឹង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច នឹង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ ឯ​យ៉ូស្វេ​នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ នឹង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រាអែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រាអែល​ទៅ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ ដំរង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង ដំរង់​ទៅ​ឯ​ទី​ក្រុង​នោះ កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កំឡាំង​នឹង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ ហើយ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សំឡាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ​គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់ ឬ​រត់​រួច​បាន​ឡើយ

ចែក​រំលែក
អាន យ៉ូស្វេ 8