យ៉ូស្វេ 8:1-8

យ៉ូស្វេ 8:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច ហើយ​កុំ​ស្រយុត​ចិត្ត​ឡើយ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​អ្នក​ច្បាំង​ទាំង​អស់​ទៅ​ជា​មួយ ហើយ​ឡើង​ទៅ​ក្រុង​អៃយ​ចុះ។ មើល៍ យើង​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ប្រជា‌ជន ទី​ក្រុង និង​ស្រុក​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។ ដូច្នេះ លោក​យ៉ូស្វេ និង​ពួកអ្នក​ច្បាំង​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រុង​អៃយ ហើយ​លោក​បាន​ជ្រើស​រើស​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​ចំនួន​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញទៅ​ទាំង​យប់។ លោកបញ្ជាពួក​គេ​ថា៖ «មើល៍ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​បង្កប់​ខ្លួន​វាយ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង។ កុំ​ទៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក គឺ​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច។ រីឯ​ខ្ញុំ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទី​ក្រុង។ កាល​ណា​គេ​ចេញ​មក​ច្បាំង​នឹង​យើង​ដូចលើក​មុន នោះ​យើង​នឹង​រត់​នៅ​មុខពួក​គេ។ ដូច្នេះ ពួក​គេ​នឹង​ចេញ​មក​ដេញ​តាម​យើង រហូត​ទាល់​តែ​យើង​បាន​ទាក់​ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​នឹង​គិត​ថា ពួក​យើង​បាក់​ទ័ព​រត់​នៅ​មុខ​ពួក​គេ ដូច​លើក​មុន​ទៀត។ ដូច្នេះ ពេល​យើង​រត់​នៅ​មុខពួក​គេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​ដែល​បង្កប់​ខ្លួន ហើយ​ចូល​ទៅ​ចាប់​យក​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ក្រុង​នោះមក​ក្នុង​កណ្ដាប់​ដៃ​របស់អ្នក។ កាល​ណា​អ្នក​រាល់​គ្នា​យក​ទី​ក្រុង​បាន​ហើយ ត្រូវ​ដុត​ទីក្រុង​នោះ​ឲ្យ​ឆេះ​ឡើង។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ មើល៍ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ»។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជា‌ជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព​វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។ លោក​យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល​ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់‌អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។ លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា! រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។ ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។ កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់ ទៅ​ជា​មួយ​នឹង​ឯង ឡើង​ទៅ​ឯ​ក្រុង​អៃយ​ចុះ មើល អញ​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ព្រម​ទាំង​ពួក​រាស្ត្រ នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​របស់​ស្តេច​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន នឹង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។ ដូច្នេះ​យ៉ូស្វេ នឹង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់ ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា ឯ​អញ នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត​នឹង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង នឹង​រត់​ពី​មុខ​គេ​ចេញ​ទៀត ដូច្នេះ​គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ

ចែក​រំលែក
អាន យ៉ូស្វេ 8