យ៉ូស្វេ 8:1-35
យ៉ូស្វេ 8:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាច ហើយកុំស្រយុតចិត្តឡើយ ចូរក្រោកឡើង នាំយកពួកអ្នកច្បាំងទាំងអស់ទៅជាមួយ ហើយឡើងទៅក្រុងអៃយចុះ។ មើល៍ យើងបានប្រគល់ស្តេចក្រុងអៃយ ប្រជាជន ទីក្រុង និងស្រុករបស់ស្តេច មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។ ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងអស់គ្នា ក៏នាំគ្នាឡើងទៅក្រុងអៃយ ហើយលោកបានជ្រើសរើសពួកអ្នកខ្លាំងពូកែដ៏អង់អាចចំនួនបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។ រីឯខ្ញុំ និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាគេចេញមកច្បាំងនឹងយើងដូចលើកមុន នោះយើងនឹងរត់នៅមុខពួកគេ។ ដូច្នេះ ពួកគេនឹងចេញមកដេញតាមយើង រហូតទាល់តែយើងបានទាក់ទាញពួកគេឲ្យចេញឆ្ងាយពីទីក្រុង ដ្បិតពួកគេនឹងគិតថា ពួកយើងបាក់ទ័ពរត់នៅមុខពួកគេ ដូចលើកមុនទៀត។ ដូច្នេះ ពេលយើងរត់នៅមុខពួកគេ នោះអ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងដែលបង្កប់ខ្លួន ហើយចូលទៅចាប់យកទីក្រុង ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នក។ កាលណាអ្នករាល់គ្នាយកទីក្រុងបានហើយ ត្រូវដុតទីក្រុងនោះឲ្យឆេះឡើង។ អ្នករាល់គ្នាត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ មើល៍ ខ្ញុំបានបង្គាប់អ្នករាល់គ្នាហើយ»។ ដូច្នេះ លោកយ៉ូស្វេក៏ចាត់ពួកគេឲ្យចេញទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន ត្រៀមនៅចន្លោះរវាងក្រុងបេត-អែល និងក្រុងអៃយ គឺនៅខាងលិចក្រុងអៃយ ប៉ុន្ដែ យប់នោះ លោកយ៉ូស្វេសម្រាកក្នុងជំរំ ។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ប្រមូលផ្ដុំទ័ព រួចចេញទៅជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នាំមុខប្រជាជនទៅក្រុងអៃយ។ ពួកអ្នកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយលោក ឡើងចូលទៅជិត នៅខាងមុខទីក្រុង រួចគេបោះទ័ពនៅជាខាងជើងក្រុងអៃយ ហើយមានជ្រលងភ្នំនៅចន្លោះពួកគេ និងក្រុងអៃយ។ លោកបានយកមនុស្សប្រមាណប្រាំពាន់នាក់ ហើយដាក់គេឲ្យបង្កប់ខ្លួននៅចន្លោះក្រុងបេត-អែល និងក្រុងអៃយ ពីខាងលិចទីក្រុង។ ដូច្នេះ គេក៏បានបោះទ័ពតាមកន្លែងរៀងខ្លួន គឺទីតាំងទ័ពធំដែលនៅខាងជើងទីក្រុង និងកម្លាំងការពារទ័ពជួរខាងក្រោយ នៅខាងលិចទីក្រុង។ យប់នោះ លោកយ៉ូស្វេស្នាក់នៅកណ្ដាលជ្រលងភ្នំ។ កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។ ឯលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ គេធ្វើដូចជាចាញ់នៅមុខពួកគេ ហើយរត់តម្រង់ទៅទីរហោស្ថាន។ ដូច្នេះ ពួកគេក៏ហៅប្រជាជនដែលនៅក្នុងក្រុងទាំងអស់ ឲ្យប្រមូលគ្នាមកដេញតាមទ័ពអ៊ីស្រាអែល ហើយពេលពួកគេដេញតាមលោកយ៉ូស្វេ ពួកគេត្រូវឃ្លាតឆ្ងាយពីទីក្រុង។ នៅក្នុងក្រុងអៃយ និងក្រុងបេត-អែល គ្មានសេសសល់អ្នកណាម្នាក់ ដែលមិនបានចេញទៅដេញតាមពួកអ៊ីស្រាអែលឡើយ។ ពួកគេទុកទីក្រុងឲ្យនៅចំហ ហើយដេញតាមពួកអ៊ីស្រាអែល។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។ កាលលោកលើកដៃឡើង ពួកទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនជាប្រញាប់ សម្រុកចូលទៅចាប់យកទីក្រុង ហើយប្រញាប់ប្រញាល់ដុតទីក្រុងនោះភ្លាម។ ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។ កាលលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ឃើញថា ទ័ពឆ្មក់ចាប់យកទីក្រុងបានហើយ ហើយមានផ្សែងហុយឡើងដូច្នេះ គេក៏បកក្រោយ វាយប្រហារពួកក្រុងអៃយវិញ។ ទ័ពឆ្មក់ដែលដុតទីក្រុងក៏ចេញមកទាស់នឹងទ័ពរបស់ក្រុងអៃយដែរ គឺគេស្ថិតនៅកណ្ដាលពួកអ៊ីស្រាអែល ដែលខ្លះវាយផ្ទប់ពីខាងណេះ ខ្លះវាយផ្ទប់ពីខាងណោះ។ ពួកអ៊ីស្រាអែលបានប្រហារពួកគេរហូតទាល់តែស្លាប់អស់គ្មានសល់ ក៏គ្មានអ្នកណាម្នាក់រត់រួចឡើយ។ ប៉ុន្ដែ ស្តេចក្រុងអៃយវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ កាលពួកអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃយទាំងអស់នៅវាលទីរហោស្ថាន ជាកន្លែងដែលពួកក្រុងអៃយបានដេញ ហើយគេបានដួលស្លាប់ទាំងអស់ដោយមុខដាវស្រេចហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏វិលចូលទៅក្រុងអៃយវិញ ហើយប្រហារទាំងអស់ដោយមុខដាវ។ មនុស្សទាំងអស់ ទាំងប្រុសទាំងស្រី ដែលដួលស្លាប់នៅថ្ងៃនោះ មានចំនួនជាមួយម៉ឺនពីរពាន់នាក់ គឺប្រជាជនទាំងអស់របស់ក្រុងអៃយ។ ដ្បិតលោកយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ រហូតទាល់តែបានបំផ្លាញអ្នកក្រុងអៃយអស់គ្មានសល់។ ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មកលោកយ៉ូស្វេ។ ដូច្នេះ លោកយ៉ូស្វេបានដុតក្រុងអៃយ ឲ្យទៅជាគំនរខូចបង់រហូតតទៅ ហើយនៅស្ងាត់ជ្រងំដរាបដល់សព្វថ្ងៃ។ រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។ នៅគ្រានោះ លោកយ៉ូស្វេស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ប្រជាជនអ៊ីស្រាអែល គឺដូចមានសេចក្ដីចែងនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេថា «អាសនាធ្វើពីដុំថ្មទាំងមូល គឺថ្មដែលមិនមានអ្នកណាយកដែកមកដាប់ពីលើ»។ គេក៏ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនានោះ ព្រមទាំងថ្វាយតង្វាយមេត្រីផង។ នៅទីនោះ លោកយ៉ូស្វេ ចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារនៅលើថ្ម នៅចំពោះមុខប្រជាជនអ៊ីស្រាអែល។ ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។ បន្ទាប់មក លោកអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ។ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ គ្មានពាក្យណាមួយដែលលោកយ៉ូស្វេមិនបានអាន នៅមុខអង្គប្រជុំទាំងមូលនៃសាសន៍អ៊ីស្រាអែលឡើយ គឺរួមទាំងស្ត្រី កូនក្មេង និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេដែរ។
យ៉ូស្វេ 8:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្ដេចក្រុងអៃ ប្រជាជននៅក្នុងក្រុង និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភណ្ឌបាន។ ចូររៀបចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។ លោកយ៉ូស្វេនាំកងទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា! រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។ ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់ទាញពួកគេឲ្យចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ កាលអ្នករាល់គ្នាយកទីក្រុងបាន ត្រូវដុតចោល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។ លោកយ៉ូស្វេចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិចទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ លោកយ៉ូស្វេសម្រាន្ដជាមួយប្រជាជន។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក លោកដើរជាមួយពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំមុខប្រជាជនឆ្ពោះទៅក្រុងអៃ។ ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ លោកយ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុងរួចហើយ យប់នោះ លោកយ៉ូស្វេក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។ ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។ ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។ នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។ ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។ កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។ រីឯស្ដេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។ អ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។ លោកយ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រាអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។ ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភណ្ឌ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ។ លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរ-កនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។ លោកយ៉ូស្វេសង់អាសនៈថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល នៅលើភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ជនជាតិអ៊ីស្រាអែល គឺដូចមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រាអែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជាមេត្រីភាពផង។ លោកយ៉ូស្វេចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរវិន័យទាំងមូល។ លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។
យ៉ូស្វេ 8:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ចូរក្រោកឡើង នាំយកពួកដែលថ្នឹកច្បាំងទាំងអស់ ទៅជាមួយនឹងឯង ឡើងទៅឯក្រុងអៃយចុះ មើល អញបានប្រគល់ស្តេចក្រុងអៃយ ព្រមទាំងពួករាស្ត្រ នឹងទីក្រុង ហើយនឹងស្រុករបស់ស្តេចនោះ មកក្នុងកណ្តាប់ដៃឯងហើយ ដូច្នេះត្រូវឲ្យធ្វើនឹងក្រុងអៃយ ហើយនឹងស្តេចផង ដូចជាបានធ្វើនឹងយេរីខូរ ហើយនឹងស្តេចគេដែរ ចូរយកតែរបស់ទាំងប៉ុន្មាន នឹងហ្វូងសត្វ ទុកសំរាប់ជារបឹបដល់ខ្លួនឯងរាល់គ្នាប៉ុណ្ណោះត្រូវឲ្យឯងបង្កប់ទ័ពនៅខាងក្រោយទីក្រុងវិញ។ ដូច្នេះយ៉ូស្វេ នឹងពួកដែលថ្នឹកច្បាំងទាំងអស់គ្នា ក៏ប្រុងប្រៀបរៀបនឹងឡើងទៅឯក្រុងអៃយ លោករើសយកសុទ្ធតែមនុស្សខ្លាំងពូកែស្ទាត់ជំនាញ បានចំនួន៣ម៉ឺននាក់ ចាត់គេទៅទាំងយប់ ដោយបង្គាប់ថា ត្រូវឲ្យឯងរាល់គ្នាទៅបង្កប់ខ្លួននៅខាងក្រោយទីក្រុង កុំឲ្យនៅឆ្ងាយពីទីក្រុងពេកឡើយ ត្រូវឲ្យប្រុងប្រៀបជាស្រេចទាំងអស់គ្នា ឯអញ នឹងពួកមនុស្សទាំងប៉ុន្មានដែលនៅជាមួយ យើងនឹងចូលទៅជិតទីក្រុង រួចកាលណាគេចេញមក តនឹងយើងដូចជាជាន់មុន នោះយើង នឹងរត់ពីមុខគេចេញទៀត ដូច្នេះគេនឹងចេញមកដេញតាមយើង ទាល់តែយើងបានទាញនាំគេឃ្លាតឆ្ងាយពីទីក្រុងទៅ គេនឹងគិតថា យើងរត់ពីមុខគេទៅ ដូចជាន់មុនទៀត ដោយយើងរត់ពីមុខគេទៅយ៉ាងនោះ នោះត្រូវឲ្យឯងរាល់គ្នាក្រោកឡើង ពីកន្លែងដែលបង្កប់ខ្លួននោះ ចូលទៅចាប់យកទីក្រុងទៅ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃឯង រួចកាលណាឯងរាល់គ្នាយកបានទីក្រុងហើយ នោះត្រូវឲ្យបង្កាត់ភ្លើងដុតឡើង ត្រូវឲ្យឯងរាល់គ្នាធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ មើល អញបានបង្គាប់ឯងរាល់គ្នាហើយ យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។ លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ ឯពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ឡើងចូលទៅជិតពីខាងមុខទីក្រុង ហើយបោះទ័ពនៅជាខាងជើង មានវាលច្រកភ្នំនៅកណ្តាលគេ ហើយនឹងទីក្រុង លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួននៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ ពីខាងលិចទីក្រុងនោះ ដូច្នេះកាលបានចាត់ពួកបណ្តាទ័ពឲ្យទៅឯកន្លែងគេរៀងខ្លួន គឺពួកពលទ័ពដែលត្រូវនៅខាងជើងទីក្រុង នឹងពួកអ្នកដែលត្រូវបង្កប់ខ្លួន នៅខាងលិចរួចស្រេចហើយ នោះយ៉ូស្វេក៏នៅឯកណ្តាលវាលច្រកភ្នំ នៅវេលាយប់នោះឯង។ កាលស្តេចក្រុងអៃយបានឃើញដូច្នោះ នោះពួកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកឡើងពីព្រលឹម ហើយស្តេច នឹងរាស្ត្រទាំងអស់ ក៏ចេញទៅឯកន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលត្រង់វាលនោះ ឥតដឹងជាមានពលបង្កប់ទាស់នឹងគេ នៅជាខាងក្រោយទីក្រុងទេ ឯយ៉ូស្វេនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេធ្វើដូចជាចាញ់នៅមុខអ្នកទាំងនោះ ក៏នាំគ្នារត់ទៅតាមផ្លូវទីរហោស្ថានទៅ លំដាប់នោះ មានគេហៅពួកបណ្តាជនដែលនៅក្នុងក្រុង ឲ្យប្រមូលមកមូលគ្នាដេញតាមដែរ រួចគេក៏ដេញតាមយ៉ូស្វេ ហើយត្រូវប្រទាញនាំទៅឃ្លាតឆ្ងាយពីទីក្រុង គ្មានសល់មនុស្សណាមួយនៅក្នុងក្រុងអៃយ នឹងបេត-អែល ដែលមិនបានចេញទៅដេញតាមសាសន៍អ៊ីស្រាអែលនោះឡើយ គេបានទុកទីក្រុងឲ្យនៅចំហ ដេញតាមពួកអ៊ីស្រាអែលទៅ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា ចូរលើកលំពែងដែលកាន់នៅដៃ ដំរង់ទៅឯក្រុងអៃយទៅ ដ្បិតអញប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នោះយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃឡើង ដំរង់ទៅឯទីក្រុងនោះ កាលលោកលើកដៃឡើង នោះពួកទ័ពបង្កប់ក៏ស្ទុះចេញពីកន្លែងគេជាប្រញាប់ រត់ចូលទៅក្នុងទីក្រុងភ្លាម ក៏ចាប់យក ហើយប្រញាប់ប្រញាល់នឹងបង្កាត់ភ្លើងដុតឡើង រួចកាលពួកក្រុងអៃយ បានងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុង ទៅលើមេឃដូច្នោះ នោះគេគ្មានកំឡាំងនឹងរត់ទៅឲ្យរួច ទោះខាងនេះ ឬខាងនោះឡើយ ឯពួកអ៊ីស្រាអែលដែលកំពុងតែរត់ទៅឯទីរហោស្ថាន គេក៏វិលបែរមកទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ ហើយយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា កាលឃើញថាពួកទ័ពបង្កប់បានយកទីក្រុង ហើយមានផ្សែងហុយឡើងដូច្នោះ នោះក៏វិលចូលមកសំឡាប់ពួកក្រុងអៃយវិញដែរ ហើយពួកដែលដុតទីក្រុង ក៏ចេញមកទាស់នឹងគេទៀត ដូច្នេះគេក៏នៅជាកណ្តាលនៃសាសន៍អ៊ីស្រាអែល ដែលមានខ្លះនៅខាងណេះ ខ្លះនៅខាងណោះ ហើយក៏ផ្ទប់វាយគេ ទាល់តែគ្មានអ្នកណាមួយនៅសល់ ឬរត់រួចបានឡើយ ឯស្តេចក្រុងអៃយ នោះគេចាប់យកបានទាំងរស់ នាំទៅជូនដល់យ៉ូស្វេ។ កាលពួកអ៊ីស្រាអែលបានសំឡាប់ពួកក្រុងអៃយទាំងប៉ុន្មាន នៅវាលស្រែ នឹងនៅទីរហោស្ថាន ជាកន្លែងដែលបានដេញតាម ហើយគេបានដួលស្លាប់ ដោយមុខដាវទាំងអស់គ្នាជាស្រេចហើយ នោះពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ត្រឡប់ចូលទៅវាយទីក្រុងអៃយ ដោយមុខដាវដែរ ឯពួកមនុស្សទាំងប្រុសទាំងស្រីដែលដួលស្លាប់នៅថ្ងៃនោះ មានចំនួនជា១ម៉ឺន២ពាន់នាក់ គឺជាពួកក្រុងអៃយទាំងអស់គ្នា ដ្បិតយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ ទាល់តែបានបំផ្លាញពួកក្រុងអៃយអស់រលីងទៅ ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ នឹងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជារបឹបសំរាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកយ៉ូស្វេ ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង នៅទីនោះ លោកចារឹកថ្មចម្លងក្រិត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ នឹងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហឹប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ នឹងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល រួចមក លោកក៏អានមើលអស់ទាំងពាក្យនៃក្រិត្យវិន័យ ទោះទាំងព្រះពរ នឹងសេចក្ដីបណ្តាសាទាំងប៉ុន្មានផង តាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ នឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។