យ៉ូស្វេ 7:6-9

យ៉ូស្វេ 7:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ក្រាប​ចុះមុខ​ដល់​ដី​នៅ​ចំពោះ​ហិប​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច រួម​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀង​ៗខ្លួន។ លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នាំ​ប្រជា‌ជន​នេះឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​គេ​បំផ្លាញ​យើង​ខ្ញុំ​ដូច្នេះ? គួរ​តែ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ប្រសើរ​ជាង! ឱ​ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​ទូល‌បង្គំ​និយាយ​ដូច​ម្តេច កាល​ដែល​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ! ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់​នឹង​ឮ​ពី​រឿង​នេះ ហើយ​នឹង​ឡោម​ព័ទ្ធ​យើងខ្ញុំ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​ខ្ញុំ​ចេញ​ពី​ផែន‌ដី។ ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​យ៉ាង​ណា សម្រាប់​ព្រះ‌នាម​ដ៏​ធំ​របស់​ព្រះ‌អង្គ?»។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ និង​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ឱន​មុខ​ដល់​ដី រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។ លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នាំ​យើង​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី ដើម្បី​ឲ្យ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​ឲ្យ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ? ឱ​ព្រះ‌អម្ចាស់​អើយ! ឥឡូវ​នេះ តើ​ឲ្យ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ? ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម‌ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ូស្វេ​លោក​ហែក​សំលៀក‌បំពាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាល់​តែ​ល្ងាច ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង គេ​ក៏​ដាក់​ធូលី​ដី​នៅ​លើ​ក្បាល​រៀង​ខ្លួន​ដែរ រួច​យ៉ូស្វេ​ទូល​ថា ដល់​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​នាំ​ពួក​បណ្តាជន​នេះ ឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​នឹង​ប្រគល់​យើង​រាល់​គ្នា​ទៅ​ក្នុង​កណ្តាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​ត្រូវ​វិនាស​ដូច្នេះ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​បាន​សុខ​ចិត្ត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ជា​ជាង ឱ​ព្រះ‌អម្ចាស់​អើយ ដែល​ពួក​អ៊ីស្រាអែល​បែរ​ខ្នង​រត់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​យ៉ាង​នេះ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ថា​ដូច​ម្តេច​វិញ ដ្បិត​ពួក​សាសន៍​កាណាន នឹង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​ប៉ុន្មាន គេ​នឹង​ឮ ហើយ​នឹង​ព័ទ្ធ​យើង​រាល់​គ្នា​ជុំវិញ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​រាល់​គ្នា​ពី​ផែនដី​ចេញ នោះ​តើ​ទ្រង់​នឹង​ធ្វើ​ដូច​ម្តេច​សំរាប់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ។

ចែក​រំលែក
អាន យ៉ូស្វេ 7