យ៉ូស្វេ 7:19-26
យ៉ូស្វេ 7:19-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អេកានថា៖ «កូនអើយ ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលន់តួចំពោះព្រះអង្គទៅ។ អ្វីដែលអ្នកបានធ្វើ ចូរប្រាប់ខ្ញុំ កុំលាក់នឹងខ្ញុំឡើយ»។ អេកានឆ្លើយទៅលោកយ៉ូស្វេថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ពិតប្រាកដមែន គឺអំពើដែលខ្ញុំប្របាទបានប្រព្រឹត្តគឺ ក្នុងជយ័ភណ្ឌ ខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អមកពីស្រុកស៊ីណើរ សាច់ប្រាក់ទម្ងន់ពីររយសេកែល និងមាសមួយដុំទម្ងន់ហាសិបសេកែល។ ពេលនោះ ដោយខ្ញុំប្របាទមានចិត្តលោភចង់បាន ខ្ញុំប្របាទក៏យករបស់ទាំងនោះទុក។ ឥឡូវនេះ ខ្ញុំប្របាទបានកប់ក្នុងដី កណ្ដាលជំរំរបស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅខាងក្រោម»។ ដូច្នេះ លោកយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេក៏រត់ទៅជំរំរបស់អេកាន ឃើញរបស់ទាំងនោះកប់នៅក្នុងជំរំរបស់គាត់ ទាំងមានប្រាក់នៅពីក្រោមមែន។ គេក៏យករបស់ទាំងនោះពីក្នុងជំរំ មកប្រគល់ជូនលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដោយដាក់នៅចំពោះព្រះយេហូវ៉ា។ លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកានជាកូនសេរ៉ាស ហើយយកប្រាក់ អាវធំ និងមាសមួយដុំនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម ជំរំ និងអ្វីៗដែលជារបស់គាត់ទាំងអស់ ឡើងទៅជ្រលងភ្នំអាគ័រ។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសដល់ពួកយើងដូច្នេះ? នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ពួកអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចោលសម្លាប់គាត់នឹងថ្ម។ គេដុតអ្វីៗទាំងប៉ុន្មានទៅក្នុងភ្លើង ហើយចោលនឹងថ្ម។ គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ព្រះយេហូវ៉ាក៏បែរចេញពីសេចក្ដីក្រោធដែលឆួលក្ដៅនោះទៅ។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំអាគ័រ រហូតដល់សព្វថ្ងៃ។
យ៉ូស្វេ 7:19-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។ លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ: ក្នុងជយភណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។ លោកយ៉ូស្វេចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។ ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់ អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាន នាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាសម្លាប់លោកអេកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។ បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។
យ៉ូស្វេ 7:19-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏និយាយនឹងអេកានថា កូនអើយ ចូរសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយលន់តួនឹងទ្រង់ទៅ ចូរប្រាប់អញពីការដែលឯងបានធ្វើ កុំឲ្យលាក់នឹងអញឡើង នោះអេកានក៏ឆ្លើយជំរាបយ៉ូស្វេថា ខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលពិតមែន គឺខ្ញុំបានធ្វើការយ៉ាងនេះមួយៗ ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ នឹងប្រាក់២រយរៀល ហើយមាស១ដុលទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។ ដូច្នេះយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេរត់ទៅឯត្រសាលនោះ ឃើញមានរបស់ទាំងនោះកប់នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន រួចគេនាំយកពីកណ្តាលត្រសាល ទៅជូនដល់យ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា នោះយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកាន ជាកូនសេរ៉ាស នឹងប្រាក់ អាវ ហើយនឹងមាស១ដុលនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម នឹងត្រសាល ហើយរបស់គាត់ទាំងអស់ នាំឡើងទៅដល់ច្រកភ្នំអាគ័រ ហើយយ៉ូស្វេមានប្រសាសន៍ថា ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានសេចក្ដីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម ហើយដុតទាំងអស់ក្នុងភ្លើង ព្រមទាំងចោលនឹងថ្មផង គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅដរាបមកដល់សព្វថ្ងៃនេះ នោះព្រះយេហូវ៉ាទ្រង់ក៏រសាយសេចក្ដីខ្ញាល់ក្តៅទៅ គឺហេតុនោះបានជាគេហៅកន្លែងនោះថា ច្រកភ្នំអាគ័រ ដរាបដល់សព្វថ្ងៃនេះ។