យ៉ូស្វេ 7:11-26

យ៉ូស្វេ 7:11-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​អាច​ឈរ​នៅ​មុខ​ខ្មាំង​សត្រូវ​របស់​គេ​បាន។ ពួក​គេ​បាក់​ទ័ព​នៅ​មុខ​សត្រូវ ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​របស់​ដែល​ត្រូវ​បំផ្លាញ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សម្រាប់​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចេញ​ទេ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ ក្រោក​ឡើង! ញែកប្រជា‌ជន​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រាប់​គេ​ថា "ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធសម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សម្រាប់​បំផ្លាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នាមិន​អាច​ឈរ​នៅ​មុខខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​យក​របស់​ដែល​សម្រាប់​បំផ្លាញ​នោះ ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ដូច្នេះ ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ កុល‌សម្ព័ន្ធ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​អំបូរ អំបូរ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ក្រុម​គ្រួសារ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​ម្នាក់​ម្តងៗ។ អ្នក​ណា​ដែល​យើង​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សម្រាប់​បំផ្លាញ អ្នក​នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើងជាមួយ​អ្វីៗ​ដែល​អ្នក​នោះ​មាន ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រព្រឹត្ត​ការ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល"»។ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​ចូល​មក​តាម​កុល‌សម្ព័ន្ធ ហើយ​ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។ លោក​យ៉ូស្វេ​ឲ្យ​អំបូរ​ផ្សេង​ៗ​ក្នុង​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ លោក​ឲ្យ​អំបូរ​សេរ៉ាស​ចូល​មក​តាម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​សាប់ឌី។ បន្ទាប់​មក លោក​ឲ្យ​ក្រុម​គ្រួសារ​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ ប៉ះ​លើ​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌី សាប់​ឌី​ជា​កូន​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អេកាន​ថា៖ «កូន​អើយ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​ចំពោះ​ព្រះ‌អង្គ​ទៅ។ អ្វីដែលអ្នក​បាន​ធ្វើ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់​នឹង​ខ្ញុំ​ឡើយ»។ អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន គឺ​អំពើ​ដែល​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​គឺ ក្នុង​ជយ័‌ភណ្ឌ ខ្ញុំប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​មក​ពី​ស្រុក​ស៊ីណើរ សាច់​ប្រាក់​ទម្ងន់​ពីរ​រយ​សេកែល និង​មាស​មួយ​ដុំ​ទម្ងន់​ហាសិប​សេកែល។ ពេល​នោះ ដោយ​ខ្ញុំ​ប្របាទ​មាន​ចិត្ត​លោភ​ចង់​បាន ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ​ទុក។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​បាន​កប់​ក្នុង​ដី កណ្ដាល​ជំរំ​របស់​ខ្ញុំប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ខាង​ក្រោម»។ ដូច្នេះ លោក​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​ក៏​រត់​ទៅ​ជំរំ​របស់​អេកាន ឃើញ​របស់​ទាំង​នោះ​កប់​នៅ​ក្នុង​ជំរំ​របស់គាត់ ទាំង​មាន​ប្រាក់​នៅ​ពី​ក្រោម​មែន។ គេ​ក៏​យក​របស់​ទាំង​នោះ​ពី​ក្នុង​ជំរំ មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន​ជា​កូន​សេរ៉ាស ហើយ​យក​ប្រាក់ អាវធំ និង​មាស​មួយ​ដុំ​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម ជំរំ និង​អ្វីៗ​ដែល​ជា​របស់​គាត់​ទាំង​អស់ ឡើង​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​ដល់​ពួក​យើង​ដូច្នេះ? នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នករង​ទុក្ខ​ទោស​វិញ»។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏នាំ​គ្នា​ចោល​សម្លាប់​គាត់​នឹង​ថ្ម។ គេ​ដុត​អ្វីៗទាំង​ប៉ុន្មាន​ទៅ​ក្នុង​ភ្លើង ហើយ​ចោល​នឹង​ថ្ម។ គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​ក៏​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ​ដែល​ឆួល​ក្ដៅ​នោះទៅ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អាគ័រ រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:11-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ប្រគល់​ឲ្យ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ! ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​វិសុទ្ធ*​សម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ៊ីស្រា‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។ ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ។ ពេល​ព្រះ‌អម្ចាស់​ចង្អុល​កុល‌សម្ព័ន្ធ​ណា កុល‌សម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះ‌អម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះ‌អម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​ឲ្យ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។ ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល”»។ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក តាម​កុល‌សម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។ លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេ‌រ៉ាស។ លោក​ឲ្យ​អំបូរ​សេ‌រ៉ាស​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាប‌ឌី។ បន្ទាប់​មក លោក​ឲ្យ​ក្រុម​គ្រួសារ​សាប‌ឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អេកាន ជា​កូន​របស់​លោក​កើមី ជា​ចៅ​របស់​លោក​សាប‌ឌី និង​ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល! ចូរ​លើក​កិត្តិយស​ព្រះអង្គ​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់‌លៀម​ឡើយ»។ លោក​អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: ក្នុង​ជយ‌ភណ្ឌ​ខ្ញុំ​ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ី‌ណើរ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុក‌សិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។ លោក​យ៉ូស្វេ​ចាត់​គេ​ឲ្យ​រត់​ទៅ​តង់ត៍​របស់​លោក​អេកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។ ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ហើយ​យក​ប្រាក់ អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​ឲ្យ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។ បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:11-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ​ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ ចូរ​ក្រោក​ឡើង ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ពួក​អ៊ីស្រាអែល​អើយ មាន​របស់​ដែល​សំរាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សំរាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ ដូច្នេះ​ដល់​ព្រឹក​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​តាម​ពូជ​អំបូរ​របស់​ឯង នោះ​ពូជ​អំបូរ​ណា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នឹង​ត្រូវ​មក​តាម​គ្រួ​គេ ហើយ​គ្រួ​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​តាម​ពួក​គេ ហើយ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​ម្នាក់​ម្តងៗ ឯ​អ្នក​ណា​ដែល​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សំរាប់​បំផ្លាញ នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើង ព្រម​ទាំង​សព្វ​សារពើ​របស់​អ្នក​នោះ​ផង ពី​ព្រោះ​បាន​ប្រព្រឹត្ត​រំលង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ហើយ​បាន​ធ្វើ​ការ​ចំកួត​ក្នុង​ពួក​អ៊ីស្រាអែល។ យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រាអែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា រួច​លោក​ឲ្យ​គ្រួ​យូដា​ទាំង​ប៉ុន្មាន​ចូល​មក ហើយ​លោក​ចាប់​យក​គ្រួ​សេរ៉ាស លោក​ក៏​ឲ្យ​គ្រួ​សេរ៉ាស​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​សាប់ឌី ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង នោះ​អេកាន​ក៏​ឆ្លើយ​ជំរាប​យ៉ូស្វេ​ថា ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ពិត​មែន គឺ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នេះ​មួយៗ ដ្បិត​ខ្ញុំ​បាន​ឃើញ​អាវ​១​យ៉ាង​ល្អ​ពី​ស្រុក​ស៊ីណើរ នឹង​ប្រាក់​២​រយ​រៀល ហើយ​មាស​១​ដុល​ទំងន់​៥០​ដំឡឹង​នៅ​ក្នុង​របឹប នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ មើល របស់​ទាំង​នោះ​បាន​កប់​នៅ​ក្នុង​ដី នា​កណ្តាល​ត្រសាល​របស់​ខ្ញុំ ឯ​ប្រាក់​នៅ​ជា​ខាង​ក្រោម។ ដូច្នេះ​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​រត់​ទៅ​ឯ​ត្រសាល​នោះ ឃើញ​មាន​របស់​ទាំង​នោះ​កប់​នៅ​ក្នុង​ត្រសាល ហើយ​ប្រាក់​ក៏​នៅ​ពី​ក្រោម​មែន រួច​គេ​នាំ​យក​ពី​កណ្តាល​ត្រសាល ទៅ​ជូន​ដល់​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​យក​អេកាន ជា​កូន​សេរ៉ាស នឹង​ប្រាក់ អាវ ហើយ​នឹង​មាស​១​ដុល​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម នឹង​ត្រសាល ហើយ​របស់​គាត់​ទាំង​អស់ នាំ​ឡើង​ទៅ​ដល់​ច្រក​ភ្នំ​អាគ័រ ហើយ​យ៉ូស្វេ​មាន​ប្រសាសន៍​ថា ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​វេទនា​ដូច្នេះ នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ឯង​វេទនា​វិញ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ចោល​នឹង​ថ្ម ហើយ​ដុត​ទាំង​អស់​ក្នុង​ភ្លើង ព្រម​ទាំង​ចោល​នឹង​ថ្ម​ផង គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​រសាយ​សេចក្ដី​ខ្ញាល់​ក្តៅ​ទៅ គឺ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ច្រក​ភ្នំ​អាគ័រ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន យ៉ូស្វេ 7