យ៉ូស្វេ 6:15-27
យ៉ូស្វេ 6:15-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។ ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។ ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។ ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់បុរសពីរនាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា៖ «ចូរចូលទៅក្នុងផ្ទះស្រីពេស្យានោះ ហើយនាំនាង និងមនុស្សទាំងអស់របស់នាងចេញមក ដូចអ្នកបានស្បថនឹងនាង»។ ដូច្នេះ យុវជនទាំងពីរដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ឪពុកម្តាយ និងបងប្អូន ព្រមទាំងអ្វីៗទាំងអស់ដែលជារបស់នាងចេញមក។ ពួកគេនាំញាតិសន្តានទាំងអស់របស់នាងចេញមក ហើយដាក់ឲ្យនៅខាងក្រៅជំរំអ៊ីស្រាអែល។ គេក៏ដុតទីក្រុង និងអ្វីៗនៅក្នុងក្រុងនោះចោលទាំងអស់ ទុកតែប្រាក់ មាស និងភាជនៈដែលធ្វើពីលង្ហិន និងពីដែកប៉ុណ្ណោះ រួចគេយករបស់ទាំងនោះទៅដាក់ក្នុងឃ្លាំងនៃដំណាក់របស់ព្រះយេហូវ៉ា។ ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។ នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ «អ្នកណាដែលនាំគេសង់ក្រុងយេរីខូរនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូស្វេ ហើយកេរ្ដិ៍ឈ្មោះរបស់លោកល្បីសុសសាយពេញស្រុកនោះទាំងមូល។
យ៉ូស្វេ 6:15-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។ រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។ ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។ ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។ យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងឲ្យចេញមក ឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ ក្បែរជំរំអ៊ីស្រាអែល។ ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ លោកយ៉ូស្វេបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលលោកយ៉ូស្វេចាត់ឲ្យមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល រហូតដល់សព្វថ្ងៃ។ នៅគ្រានោះ លោកយ៉ូស្វេបានប្រកាសយ៉ាងឱឡារិក៖ «អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់! គឺបើគេហ៊ានចាក់គ្រឹះ កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់ ហើយបើគេហ៊ានដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់»។ ព្រះអម្ចាស់គង់ជាមួយលោកយ៉ូស្វេ ហើយលោកក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។
យ៉ូស្វេ 6:15-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក ឯឯងរាល់គ្នា ត្រូវប្រយ័តតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង ប៉ុន្តែ ឯប្រាក់ នឹងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន នឹងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ ដូច្នេះពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង គឺកាលពួកបណ្តាជនបានឮសូរត្រែ នោះគេស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឲ្យពួកបណ្តាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ គេបានបំផ្លាញគ្រប់ទាំងអស់ដែលមាននៅក្នុងក្រុងនោះអស់រលីង គឺទាំងប្រុស ហើយនឹងស្រី ទាំងក្មេង ហើយនឹងចាស់ផង ព្រមទាំងគោ នឹងចៀម ហើយនឹងលា ទាំងអំបាលម៉ាន ដោយមុខដាវ។ យ៉ូស្វេក៏ប្រាប់ដល់មនុស្ស២នាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា ចូរឲ្យឯងចូលទៅក្នុងផ្ទះស្រីសំផឹងនោះ ហើយនាំនាង នឹងរបស់នាងទាំងប៉ុន្មានចេញមកក្រៅ ដូចជាឯងបានស្បថនឹងនាងហើយ ឯមនុស្សកំឡោះ២នាក់ ដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ទាំងឪពុកម្តាយនាង នឹងបងប្អូន ហើយនឹងរបស់នាងទាំងប៉ុន្មានចេញមក ព្រមទាំងញាតិសន្តានរបស់នាងទាំងប៉ុន្មានផង ដាក់គេឲ្យនៅជាខាងក្រៅទីដំឡើងត្រសាល នៃពួកអ៊ីស្រាអែល រួចក៏ឆួលដុតទីក្រុងនោះ នឹងរបស់នៅទីនោះទាំងអស់ទៅ បានទុកនៅតែប្រាក់ នឹងមាសទាំងប៉ុន្មាន ព្រមទាំងប្រដាប់លង្ហិន ហើយនឹងដែកប៉ុណ្ណោះ ដែលគេយកទៅដាក់ក្នុងឃ្លាំង នៃដំណាក់ព្រះយេហូវ៉ា តែឯរ៉ាហាបជាស្រីសំផឹង នឹងពួកគ្រួឪពុកនាង ហើយរបស់នាងទាំងប៉ុន្មាន នោះយ៉ូស្វេលោកបានទុកឲ្យគង់នៅវិញ ហើយនាងក៏នៅក្នុងពួកអ៊ីស្រាអែលជាដរាបដល់សព្វថ្ងៃនេះ ដោយព្រោះនាងបានលាក់បំពួនពួកអ្នក ដែលយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរនោះ។ នៅគ្រានោះ យ៉ូស្វេក៏ប្រកាស ជាពាក្យបណ្តាសាថា អ្នកណាដែលចាប់ផ្តើមសង់ក្រុងយេរីខូរនេះឡើងវិញ នោះនឹងត្រូវបណ្តាសាហើយ កាលណាអ្នកនោះដាក់ឫសកំផែង នោះកូនច្បងរបស់ខ្លួននឹងស្លាប់ទៅ ហើយកាលណាដាក់ទ្វារចុះ នោះកូនពៅនឹងស្លាប់ទៅ។ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូស្វេ ហើយក៏ល្បីឮឈ្មោះលោកសុសសាយ ពេញគ្រប់ក្នុងស្រុកនោះ។