យ៉ូស្វេ 6:15-20
យ៉ូស្វេ 6:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។ ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។ ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។
យ៉ូស្វេ 6:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។ រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។ ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។
យ៉ូស្វេ 6:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក ឯឯងរាល់គ្នា ត្រូវប្រយ័តតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង ប៉ុន្តែ ឯប្រាក់ នឹងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន នឹងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ ដូច្នេះពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង គឺកាលពួកបណ្តាជនបានឮសូរត្រែ នោះគេស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឲ្យពួកបណ្តាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ