យ៉ូស្វេ 6:1-5

យ៉ូស្វេ 6:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូរជិត ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រោះតែ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ចេញ​ចូល​បានឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល៍ យើង​បាន​ប្រគល់​ក្រុង​យេរីខូរ ទាំង​ស្តេច ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ខ្លាំង​ពូកែ ត្រូវដើរ​ជុំ‌វិញ​ទី​ក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ ត្រូវ​មាន​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​ប្រាំពីរ​ជុំ ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង។ ពេល​គេ​ផ្លុំ​ត្រែ​ស្នែង​ចៀម​មាន​សំឡេង​យ៉ាង​វែង គឺ​ពេល​អ្នក​រាល់​គ្នាឮ​សំឡេង​ត្រែ ប្រជា‌ជន​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង នោះ​កំផែង​ក្រុង​នឹង​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​សម្រុក​ចូល​ត្រង់​ទៅ​មុខ​រៀង​ខ្លួន»។

ចែក​រំលែក
អាន យ៉ូស្វេ 6

យ៉ូស្វេ 6:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់ ត្រូវ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ត្រូវ​ឲ្យ​បូជា‌ចារ្យ ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​សម្រាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ រួច​ឲ្យ​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង​ចៀម។ ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ប្រជា‌ជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ត្រូវ​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។

ចែក​រំលែក
អាន យ៉ូស្វេ 6

យ៉ូស្វេ 6:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ទី​ក្រុង​យេរីខូរ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូរ ព្រម​ទាំង​ស្តេច​គេ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហឹប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ​កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តាជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន

ចែក​រំលែក
អាន យ៉ូស្វេ 6