យ៉ូស្វេ 6:1-25 - Compare All Versions

យ៉ូស្វេ 6:1-25 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូរជិត ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រោះតែ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ចេញ​ចូល​បានឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល៍ យើង​បាន​ប្រគល់​ក្រុង​យេរីខូរ ទាំង​ស្តេច ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ខ្លាំង​ពូកែ ត្រូវដើរ​ជុំ‌វិញ​ទី​ក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ ត្រូវ​មាន​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​ប្រាំពីរ​ជុំ ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង។ ពេល​គេ​ផ្លុំ​ត្រែ​ស្នែង​ចៀម​មាន​សំឡេង​យ៉ាង​វែង គឺ​ពេល​អ្នក​រាល់​គ្នាឮ​សំឡេង​ត្រែ ប្រជា‌ជន​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង នោះ​កំផែង​ក្រុង​នឹង​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​សម្រុក​ចូល​ត្រង់​ទៅ​មុខ​រៀង​ខ្លួន»។ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ហើយ​ឲ្យ​ពួក​អ្នក​ប្រដាប់​អាវុធ​ដើរទៅ​ពី​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា»។ កាល​លោក​យ៉ូស្វេ​បាន​បង្គាប់​ប្រជា‌ជន​រួច​ហើយ សង្ឃ​ទាំងប្រាំពីរ​រូប ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំពីរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ ហើយ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​តាម​ក្រោយ។ ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ហើយ​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។ លោក​យ៉ូស្វេ​បង្គាប់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នាមិន​ត្រូវ​ស្រែក ឬ​ឲ្យ​មាន​ឮ​សំឡេង​អ្វី​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ឮ​ពាក្យ​ណា​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ រហូត​ដល់​ថ្ងៃដែល​ខ្ញុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ស្រែក នោះ​សឹម​ស្រែក»។ ដូច្នេះ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​អស់​មួយ​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​ក្នុង​ជំរំ។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។ ពួក​សង្ឃ​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ។ ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​នៅ​ខាង​មុខ ហើយកម្លាំង​ការ​ពារ​ជួរ​ខាង​ក្រោយ ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។ នៅ​ថ្ងៃ​ទី​ពីរ គេ​ដើរ​ជុំ‌វិញ​ទី​ក្រុង​មួយ​ជុំ រួច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។ គេ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​តាម​របៀប​ដដែល​ប្រាំពីរ​ជុំ។ មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​ចំនួន​ប្រាំពីរ​ជុំ។ នៅ​ជុំ​ទី​ប្រាំពីរ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ លោក​យ៉ូស្វេ​ក៏​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​អ្នក​រាល់​គ្នា​ហើយ។ ទី​ក្រុង​នេះ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​បំផ្លាញ​ឲ្យ​អស់​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​តែ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ ព្រោះ​នាង​បាន​បំពួន​អ្នក​ស៊ើប​ការណ៍ ដែល​យើង​បាន​ចាត់​ឲ្យ​មក។ រី​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ណា​ដែល​ត្រូវ​បំផ្លាញ ក្រែង​កាល​ណា​អ្នក​រាល់​គ្នា​ញែកអ្វីៗ​សម្រាប់​បំផ្លាញ ហើយ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​ទុក នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ជំរំ​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ដែរ ព្រម​ទាំង​នាំ​ឲ្យជំរំ​អ៊ីស្រា‌អែល​កើត​មាន​ទុក្ខ​ទោស​ផង។ ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ទាំង​ប៉ុន្មាន ត្រូវ​ញែក​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​របស់​ទាំងនោះ​ត្រូវ​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ‌យេហូវ៉ា»។ ដូច្នេះ ប្រជា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង។ កាល​ប្រជា‌ជន​ឮ​សូរ​ត្រែ គេ​ក៏​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​កំផែង​ក៏​រលំចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​មុខ​រៀង​ៗខ្លួន ហើយ​គេ​ចាប់​យក​ទី​ក្រុង​នោះ។ ពេល​នោះ គេ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ទី​ក្រុង ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។ លោក​យ៉ូស្វេ​ក៏មាន​ប្រសាសន៍​ទៅកាន់​បុរស​ពីរ​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា៖ «ចូរ​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​ពេស្យា​នោះ ហើយ​នាំ​នាង និងមនុស្ស​ទាំងអ​ស់​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​នឹង​នាង»។ ដូច្នេះ យុវជន​ទាំង​ពីរ​ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ឪពុក​ម្តាយ និង​បង​ប្អូន ព្រម​ទាំងអ្វីៗទាំង​អស់​ដែល​ជា​របស់​នាង​ចេញ​មក។ ពួក​គេ​នាំញាតិ‌សន្តាន​ទាំង​អស់​របស់​នាង​ចេញ​មក ហើយ​ដាក់​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​អ៊ីស្រា‌អែល។ គេ​ក៏​ដុត​ទី​ក្រុង និង​អ្វីៗ​នៅ​ក្នុង​ក្រុង​នោះ​ចោល​ទាំង​អស់ ទុក​តែ​ប្រាក់ មាស និង​ភាជនៈ​ដែល​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ប៉ុណ្ណោះ រួច​គេ​យក​របស់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ចំណែក​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ក្រុម​គ្រួសារ​របស់​ឪពុក​នាង និង​មនុស្ស​របស់​នាង​ទាំង​ប៉ុន្មាន លោក​យ៉ូស្វេ​បាន​ទុកជីវិត​វិញ។ ក្រុម​គ្រួសាររបស់​នាង រស់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​នាង​បាន​បំពួន​មនុស្ស​ដែល​លោក​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ។

ចែក​រំលែក
យ៉ូស្វេ 6 គកស១៦

យ៉ូស្វេ 6:1-25 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់ ត្រូវ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ត្រូវ​ឲ្យ​បូជា‌ចារ្យ ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​សម្រាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ រួច​ឲ្យ​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង​ចៀម។ ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ប្រជា‌ជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ត្រូវ​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជា‌ចារ្យ​មក មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ឲ្យ​បូជា‌ចារ្យ​ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំ‌ពីរ ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។ ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជា‌ចារ្យ​ប្រាំ‌ពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ‌ពីរ ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ដើរ​តាម​ក្រោយ។ ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​បូជា‌ចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។ លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ស្រែក​ជយ‌ឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្រែក នោះ​សឹម​ស្រែក»។ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជា‌ជន​វិល​ចូល​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​នៅ​ទី​នោះ​ទៅ។ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ បូជា‌ចារ្យ​ទាំង​ប្រាំ‌ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម​ដើរ​ខាង​មុខ​ហិប​ព្រះ‌អម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ព្រះ‌អម្ចាស់​ដែរ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ចំនួន​ប្រាំ‌ពីរ​ជុំ។ នៅ​ជុំ​ទី​ប្រាំ‌ពីរ ពេល​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ជយ‌ឃោស​ឡើង! ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​ទីក្រុង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​ឲ្យ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើប‌ការណ៍ ដែល​យើង​ចាត់​ឲ្យ​មក។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះ‌ពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែង‌លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះ‌ពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​មហន្ត‌រាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រា‌អែល​មិន​ខាន។ រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។ ប្រជា‌ជន​ស្រែក​ជយ‌ឃោស ហើយ​ក្រុម​បូជា‌ចារ្យ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជា‌ជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​សម្រុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្ដើម​យក​ទីក្រុង។ ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។ យុវ‌បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បងប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ‌សន្ដាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់ ក្បែរ​ជំរំ​អ៊ីស្រា‌អែល។ ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក‌លែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
យ៉ូស្វេ 6 គខប

យ៉ូស្វេ 6:1-25 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​ទី​ក្រុង​យេរីខូរ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូរ ព្រម​ទាំង​ស្តេច​គេ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហឹប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ​កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តាជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៅ លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។ លុះ​កាល​យ៉ូស្វេ​បាន​ប្រាប់​ដល់​ពួក​ជន​រួច​អស់​ហើយ នោះ​សង្ឃ​ទាំង​៧​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​៧ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​បណ្តើរ រួច​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ក៏​តាម​គេ​ទៅ ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហឹប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ ឯ​យ៉ូស្វេ​ក៏​បង្គាប់​បណ្តាជន​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្រែក​ឡើង ឬ​ឲ្យ​មាន​ឮ​សំឡេង​ឡើយ ក៏​មិន​ត្រូវ​មាន​ពាក្យ​ណា​មួយ​ចេញ​ពី​មាត់​ឯង​ដែរ ដរាប​ដល់​ថ្ងៃ ដែល​អញ​ប្រាប់​ឲ្យ​ស្រែក​ឡើង នោះ​ទើប​ត្រូវ​ឲ្យ​ឯង​ស្រែក​ចុះ ដូច្នេះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​អស់​១​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ ហើយ​ឈប់​នៅ​ទី​នោះ។ ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​សង្ឃ​៧​រូប​នោះ កាន់​ត្រែ​ស្នែង​ចៀម​៧ ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ​ផង ឯ​ពួក​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ក៏​ដើរ​ពី​ខាង​មុខ ហើយ​មាន​ពួក​អ្នក​ខាង​ក្រោយ ដើរ​តាម​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដែរ ពួក​សង្ឃ​ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ ថ្ងៃ​ទី​២​នោះ គេ​ដើរ​ជុំវិញ​ទី​ក្រុង​១​ជុំ រួច​ក៏​ត្រឡប់​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ គេ​ធ្វើ​យ៉ាង​ដូច្នេះ​អស់​៦​ថ្ងៃ។ លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ លុះ​បាន​គ្រប់​៧​ជុំ​ហើយ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​ជន​ថា ចូរ​ស្រែក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​ឯង​រាល់​គ្នា​ហើយ ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ នឹង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា​ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង ប៉ុន្តែ ឯ​ប្រាក់ នឹង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន នឹង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ ដូច្នេះ​ពួក​បណ្តាជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តាជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តាជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ នឹង​ចៀម ហើយ​នឹង​លា ទាំង​អំបាល‌ម៉ាន ដោយ​មុខ​ដាវ។ យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ ឯ​មនុស្ស​កំឡោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង នឹង​បង​ប្អូន ហើយ​នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិ‌សន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រាអែល រួច​ក៏​ឆួល​ដុត​ទី​ក្រុង​នោះ នឹង​របស់​នៅ​ទី​នោះ​ទាំង​អស់​ទៅ បាន​ទុក​នៅ​តែ​ប្រាក់ នឹង​មាស​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រដាប់​លង្ហិន ហើយ​នឹង​ដែក​ប៉ុណ្ណោះ ដែល​គេ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង នៃ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​ឯ​រ៉ាហាប​ជា​ស្រី​សំផឹង នឹង​ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន នោះ​យ៉ូស្វេ​លោក​បាន​ទុក​ឲ្យ​គង់​នៅ​វិញ ហើយ​នាង​ក៏​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​នាង​បាន​លាក់​បំពួន​ពួក​អ្នក ដែល​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ​នោះ។

ចែក​រំលែក
យ៉ូស្វេ 6 ពគប