យ៉ូស្វេ 5:1-9
យ៉ូស្វេ 5:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។ នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកឲ្យប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត»។ ដូច្នេះ លោកយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យពួកកូនចៅអ៊ីស្រាអែល នៅត្រង់គីបៀថ-ហារ៉ាឡុត ។ លោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យពួកគេ ដោយព្រោះមូលហេតុដូច្នេះ ប្រុសៗជាអ្នកចម្បាំងទាំងប៉ុន្មាន ដែលបានចេញពីស្រុកអេស៊ីព្ទមក បានស្លាប់តាមផ្លូវនៅទីរហោស្ថាន ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ។ ប្រជាជនទាំងអស់ដែលចេញមក សុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្ដែ ប្រជាជនទាំងប៉ុន្មានដែលកើតតាមផ្លូវនៅទីរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីព្ទ មិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ ដូច្នេះ កូនចៅរបស់ពួកគេ ដែលព្រះអង្គបានបង្កើតឡើងជំនួសគេវិញ ដែលលោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ ព្រោះគេមិនបានទទួលពិធីកាត់ស្បែកនៅតាមផ្លូវសោះ។ កាលបានធ្វើពិធីកាត់ស្បែកឲ្យជាតិសាសន៍ទាំងមូលរួចហើយ គេក៏នៅតាមកន្លែងរបស់គេក្នុងជំរំ រហូតដល់គេបានជាសះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងបានប្រមៀលដំណៀលរបស់ស្រុកអេស៊ីព្ទចេញពីអ្នកហើយ»។ ដូច្នេះ គេបានហៅឈ្មោះកន្លែងនោះថា គីលកាល រហូតដល់សព្វថ្ងៃ។
យ៉ូស្វេ 5:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលស្ដេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា ព្រះអម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជនជាតិអ៊ីស្រាអែលរហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលស់ព្រលឹង នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជនជាតិអ៊ីស្រាអែលសាជាថ្មីម្ដងទៀត»។ លោកយ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជនជាតិអ៊ីស្រាអែលនៅលើភ្នំហារ៉ាឡុត។ រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចម្បាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។ អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ ជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចម្បាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ព្រះអម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។ កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះស្បើយទាំងអស់គ្នា។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
យ៉ូស្វេ 5:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។ នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត យ៉ូស្វេបានកាត់ស្បែកគេ ដោយព្រោះហេតុនេះ គឺមនុស្សប្រុសៗជាអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលចេញពីស្រុកអេស៊ីព្ទមក គេបានស្លាប់តាមផ្លូវនៅទីរហោស្ថានក្នុងពេលក្រោយដែលបានចេញមកពីស្រុកអេស៊ីព្ទ ដ្បិតប្រុសៗទាំងអស់ដែលចេញមក គេបានកាត់ស្បែកគ្រប់គ្នាហើយ តែពួកទាំងប៉ុន្មានដែលកើតតាមផ្លូវ នៅទីរហោស្ថាន ក្រោយដែលបានចេញពីស្រុកអេស៊ីព្ទមក នោះមិនទាន់បានកាត់ស្បែកនៅឡើយ ពួកកូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែពួកគេគ្រប់គ្នា គឺជាពួកមនុស្សថ្នឹកច្បាំង ដែលចេញពីស្រុកអេស៊ីព្ទមក បានស្លាប់បាត់អស់ទៅ ពីព្រោះគេមិនបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ា ហើយទ្រង់បានស្បថថា មិនឲ្យគេឃើញស្រុក ដែលទ្រង់បានស្បថនឹងពួកឰយុកោគេថានឹងឲ្យមកយើងរាល់គ្នាឡើយ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ គឺជាពួកកូនចៅរបស់អ្នកទាំងនោះឯង ដែលទ្រង់បានបង្កើតឡើងជំនួសគេ ហើយយ៉ូស្វេបានកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់កាត់ស្បែកនៅឡើយ ពីព្រោះមិនបានកាត់ស្បែកអ្នកណាតាមផ្លូវសោះ ដូច្នេះ កាលគេបានកាត់ស្បែកប្រុសៗទាំងអស់រួចហើយ នោះក៏នៅនឹងកន្លែងគេ ក្នុងទីដំឡើងត្រសាលនោះដរាបដល់សះជា ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។